ព្រះសីហនុ៖ ក្នុងរយៈពេលជិត១ឆ្នាំ ពោលគឺចាប់ពីខែកក្កដា ២០២៥ ដល់ដើមខែមិថុនា ២០២៦ អាជ្ញាធរខេត្តព្រះសីហនុ ចុះត្រួតពិនិត្យ ទីតាំងសរុបចំនួន១ ៣២១ទីតាំង ហើយរកឃើញទីតាំង ONLINE SCAMS ចំនួន ១០៣ទីតាំង និងទីតាំងមានជនបរទេសស្នាក់នៅមិនស្របច្បាប់ ៤៨ទីតាំង។ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចរកឃើញមនុស្សសរុប ៤ ៨៤១នាក់។
យោងតាមរបាយការណ៍ពីអាជ្ញាធរខេត្ត មនុស្សជិត៥ពាន់នាក់នោះនោះមាន៖ជនជាតិខ្មែរ ៣៦៩នាក់ និងជនបរទេស ៤ ៤៧២នាក់ មាន ២៦សញ្ជាតិ) ក្នុងនោះ អ្នកពាក់ព័ន្ធបទល្មើសចំនួន ៣៧៨នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត, ជនបរទេសចំនួន ៣ ២០៦នាក់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបណ្ដេញចេញ និង ជនបរទេសចំនួន ៤៣៥នាក់ កំពុងបន្តនីតិវិធីនៅស្នងការដ្ឋាន នគរបាលខេត្ត។
សម្ភារជាវត្ថុតាងរួមមាន៖ កុំព្យូទ័រលើតុចំនួន ១៦ ៩១១គ្រឿង កុំព្យូទ័រយួរដៃ ៤០៦គ្រឿង ទូរសព្ទដៃ ៤០៨៥២គ្រឿង ម៉ាស៊ីនCPU ៨៩៦គ្រឿង ម៉ូនីទ័រ ១ ២១៦គ្រឿង Tablet ៣៣៨គ្រឿង រថយន្ត ៤០គ្រឿង ម៉ូតូ ៣៤គ្រឿង ទូហ្គេមបាញ់ត្រី ២គ្រឿង អាវុធខ្លី ២ដើម គ្រឿងញៀន ១០កញ្ចប់ ថ្នាំគ្រាប់ ១២២គ្រាប់ ប្រាក់ដុល្លារអាមេរិក ៦៤ ៩៨០ដុល្លារ ប្រាក់បាត ១ ២០០បាត និងប្រាក់រៀល ២៣ ១៦០ ០០០រៀល ត្រូវបានដកហូតដើម្បីបន្តនីតិវិធី។
ចំពោះ ការផាកពិន័យម្ចាស់ទីតាំងចំនួន ៤៥ទីតាំង បានអនុញ្ញាតឱ្យជនបរទេសស្នាក់នៅមិនស្របច្បាប់ ថវិកាចំនួន ១ ៩៥២ ៤០០ ០០០រៀល។តុលាការ ឃាត់ទុកអចលនវត្ថុចំនួន ៦ទីតាំង ស្មើនឹង ៩ក្បាលដី រថយន្ត ១២ គ្រឿង និង ដកហូតប្រាក់ដុល្លារ ៨២ ៤០៦,៣០ដុល្លារ ប្រាក់រៀល ២ ៥៧៧ ៧៥២,៤៤រៀល ប្រាក់បាត ៥ ១០០បាត និងប្រាក់យ័ន ២ ០០០យ័ន និង ចេញសេចក្តីសម្រេចដកហូតអាជ្ញាបណ្ណ កាស៊ីណូ ចំនួន ១១ទីតាំង៕