ចិន៖ វត្ថុបុរាណខ្មែរចំនួនជាង១៣០ ពីសារមន្ទីរជាតិកម្ពុជា ត្រូវបានដាក់តាំងបង្ហាញជាផ្លូវការ នៅទីក្រុងតៃយាន ខេត្តសានស៊ី ភាគខាងជើងប្រទេសចិន កាលពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦។ ពិព័រណ៍នេះបានទាក់ទាញភ្ញៀវទេសចរចិនយ៉ាងច្រើនកុះករមកទស្សនា ខណៈវាជាឱកាសដ៏កម្រមួយ ដើម្បីទទួលបានបទពិសោធន៍ដ៏សម្បូរបែបនៃបេតិកភណ្ឌអង្គរយ៉ាងជិតស្និទ្ធ និងការផ្តល់ឱ្យប្រជាជនចិននូវឱកាសកាន់តែច្រើនក្នុងការរៀនសូត្រ និងយល់ដឹងពីអរិយធម៌ខ្មែរ ហើយក៏ដើម្បីរម្លឹកឡើងវិញនូវទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិន ជាប្រវត្តិសាស្ត្រផងដែរ។
ការតាំងពិព័រណ៍នេះ បានតាំងបង្ហាញស្នាដៃវប្បធម៌ជាង ១៣០ ពីសារមន្ទីរជាតិកម្ពុជា រួមទាំងរូបចម្លាក់ព្រះពុទ្ធ ធាតុផ្សំស្ថាបត្យកម្ម និងសេរ៉ាមិចដែលមានអាយុកាលតាំងពីនគរហ្វូណនរហូតដល់ចក្រភពអង្គរ។
បើតាមលោក លី វណ្ណា រដ្ឋលេខាធិការក្រសួងវប្បធម៌កម្ពុជា បានមានប្រសាសន៍ថា ប្រជាជនចិនភាគច្រើនស្គាល់វប្បធម៌កម្ពុជា ជាពិសេសប្រាសាទអង្គរ ប៉ុន្តែការមើលឃើញវត្ថុដ៏ស្រស់ស្អាតបែបនេះ ជាពិសេសស្នាដៃដ៏អស្ចារ្យដូចជារូបចម្លាក់ដ៏អស្ចារ្យនៅទីនោះ គឺជាឱកាសដ៏កម្រមួយ។ លោកបន្តថា ការតាំងពិព័រណ៍នេះ បង្ហាញពីសិល្បៈខ្មែរដែលមានអាយុកាល១០០០ឆ្នាំ និងការផ្លាស់ប្តូរវប្បធម៌យូរអង្វែងរវាងប្រទេសកម្ពុជា និងចិន។ បន្ថែមនេះ វាបានផ្តល់ឱ្យប្រជាជនចិននូវឱកាសកាន់តែច្រើនក្នុងការរៀនសូត្រ និងសង្កេតមើលអរិយធម៌ខ្មែរ ហើយក៏ដើម្បីរម្លឹកឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរនេះជាប្រវត្តិសាស្ត្រផងដែរ។
កញ្ញា ចាង ស៊ាវយ៉ាន និស្សិតចិននៅសាកលវិទ្យាល័យ Taiyuan Normal បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមទស្សនាពិព័រណ៍នេះថា អ្វីដែលធ្វើឱ្យកញ្ញាចាប់អារម្មណ៍បំផុតនោះគឺរបាំងដែកដែលឆ្លាក់រូបសត្វគ្រុឌ និងនាគ។ ស្នាដៃនេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការមើលឃើញរបស់កញ្ញា។ និស្សិតចិនរូបនេះ បានបន្តថា បានរៀនអំពីគ្រុឌពីប្រលោមលោកបុរាណចិន 'ដំណើរទៅកាន់ភាគខាងលិច' ដូច្នេះកញ្ញាពិតជាចង់ឃើញវាដោយផ្ទាល់។ កញ្ញាថា វាបាននាំមកនូវការចងចាំដ៏រីករាយ និងធ្វើឱ្យការតាំងពិព័រណ៍កាន់តែទាក់ទាញ។
គួរបញ្ជាក់ថា ចំនួនភ្ញៀវដ៏ច្រើនក្នុងពិព័រណ៍នេះ បង្ហាញពីការចាប់អារម្មណ៍ខ្លាំងរបស់ប្រជាជនចិនចំពោះវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ។ ពិព័រណ៍នេះ ក៏ត្រូវបានចាត់ទុកថា ជាវិធីសាស្ត្រសំខាន់មួយ ក្នុងការផ្សព្វផ្សាយវប្បធម៌ខ្មែរ តាមរយៈការផ្តល់កម្ចីវត្ថុបុរាណទៅតាំងបង្ហាញនៅបរទេស និងជួយទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជានាពេលអនាគត៕