ភ្នំពេញ៖សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ៨ មិថុនានេះ បានដឹកនាំក្រុមការងារទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និង ចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២៦។ទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ឡៃ មិញហ៊ឹង នាយករដ្ឋមន្ត្រីវៀតណាម។
ដំណើរទស្សនកិច្ចនេះ អញ្ជើញអមដំណើររួមមាន លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីរាជរដ្ឋាភិបាលសំខាន់ៗ និង តំណាងធុរកិច្ចពីសភាពាណិជ្ជកម្មកម្ពុជា និង សមាគមឧកញ៉ាកម្ពុជា។
បើតាមក្រសួងការបរទេសកម្ពុជា ក្នុងដំណើរទស្សនកិច្ចនោះ សម្តេច ហ៊ុន ម៉ាណែត នឹងមានជំនួបទ្វេភាគីជាមួយ លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្តីវៀតណាម ថ្នាក់ដឹកនាំទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈអំពីមធ្យោបាយនានាក្នុងការ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី ខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។ នាយករដ្ឋមន្ត្រីទាំងពីរ គ្រោងនឹងលើកយកមកពិភាក្សាផងដែរ នូវបញ្ហាតំបន់ និង អន្តរជាតិ ជាផលប្រយោជន៍ និងជាក្តីបារម្ភរួម។
ក្រៅពីនេះ សម្តេច ហ៊ុន ម៉ាណែត នឹងជួបសម្តែងការគួរសមដាច់ដោយឡែក ចំពោះ លោក តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាម លោក ជិន ថាញ់មិន ប្រធានរដ្ឋសភាជាតិវៀតណាម និងជួបពិភាក្សាជាមួយ លោក ត្រិន កឹមទូ (Tran Cam Tu) សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។
សម្ដេច នឹងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក «វេទិកាអនាគតអាស៊ាន» ក្រោមប្រធានបទ «រួមគ្ន ស្ថាបនាអនាគតរបស់យើង៖ សន្តិភាព វិបុលភាព និងប្រជាជនជាស្នូលដែលសង្កត់ធ្ងន់លើការលើកកម្ពស់វិស័យ ពាណិជ្ជកម្ម ការវិនិយោគ និងសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងអាស៊ាន៕