ភ្នំពេញ៖ សមាគមមគ្គុទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា បានត្រៀមខ្លួនរួចរាល់ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរចិនមកកាន់កម្ពុជាក្នុងរដូវកាលលើកលែងទិដ្ឋាការ(Free Visa)ដល់ភ្ញៀវចិន ដែលរាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងដាក់ឱ្យអនុវត្តរយៈពេល៤ខែ ពោលគិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ នេះជាការបញ្ជាក់របស់លោក អនហេង សុភ័ក្ដ្រ ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា មកកាន់ស៊ីស៊ីថាមស៍ភាសាខ្មែរ។
លោក អនហេង សុភ័ក្ដ្រ បានលើកឡើងថា សម្រាប់សមាជិកមគ្គុទេសក៍ទេសចរណ៍ភាសាចិនក្នុងសមាគម តែងតែងធ្វើការពង្រឹងសមត្ថភាព ទាំងចំណេះដឹង ភាសា សេវាកម្ម ដើម្បីត្រៀមខ្លួនជានិច្ចក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរចិនមកកាន់ប្រទេសកម្ពុជា។
ប្រធានសមាគមរូបនេះបន្ថែមថា៖«ពិតណាស់ ការFree Visa ចំពោះជនជាតិចិនមកកម្ពុជា គឺជាចំណុចទាក់ទាញមួយសម្រាប់ទីផ្សារចិន ពិសេសភ្ញៀវទេសចរចិនក្នុងការធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។ ពួកយើងមានក្តីរំពឹងថានឹងមានការកើនឡើងនូវភ្ញៀវទេសចរចិននៅក្នុងអំឡុងពេលដែលកម្ពុជាកំពុងអនុវត្តការលើកលែងទិដ្ឋាការជូនពលរដ្ឋចិននាពេលខាងមុខឆាប់ៗនេះ។»
ជាមួយគ្នានេះ លោកក៏បានបង្ហាញពីគោលដៅទេសចរណ៍សំខាន់ៗក្នុងប្រទេសកម្ពុជា គឺមានប៉ូលទេសចរណ៍សំខាន់៣ដូចជា រាជធានីភ្នំពេញ តំបន់សៀមរាបអង្គរ និងតំបន់ឆ្នេរ ដែលសុទ្ធតែជាទីតាំងដែលមានភាពពេញនិយម និងទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍ជារៀងរាល់ឆ្នាំ។
ប្រធានសមាគមរូបនេះ អះអាងថា សម្រាប់ភ្ញៀវទេសចរចិនដែលធ្វើដំណើរមកទេសចរណ៍នៅកម្ពុជា នឹងទទួលបានការស្វាគមន៍ប្រកបដោយភាពកក់ក្តៅពីប្រជាជនកម្ពុជា និងសេវាកម្មដែលមានគុណភាពខ្ពស់ប្រកបដោយវិជ្ជាជីវៈរបស់មគ្គុទេសក៍ទេសចរណ៍ភាសាចិននៅកម្ពុជា សុខសុវត្ថិភាព១០០%ពេញបរិបូណ៌។ លោកបញ្ជាក់ថា ភ្ញៀវទេសចរចិននឹងទទួលបាននូវបទពិសោធន៍ថ្មីៗប្រកបដោយភាពរីករាយ និងការចងចាំល្អនៅពេលដែលពួកគាត់ត្រឡប់ទៅស្រុកកំណើតវិញ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល អនុញ្ញាតដាក់ឱ្យលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់ ចូលមកប្រទេសកម្ពុជា ដោយអាចស្នាក់នៅក្នុងប្រទេសកម្ពុជាបាន ចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយពុំ តម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃដោយគ្រាន់តែបំពេញ E-arrival card។ ក្នុងកំឡុងពេលសុពលភាពនៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន៕