កំពង់ធំ៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានជំរុញឲ្យមន្ទីរព័ត៌មានខេត្តកំពង់ធំ ខិតខំរក្សា និងពង្រឹងបណ្ដាញព័ត៌មាននៅតាមបណ្តាភូមិ ឃុំ និងស្រុក/ក្រុង ដើម្បីជំរុញប្រសិទ្ធភាពនៃការឆ្លើយតប និងគ្រប់គ្រងព័ត៌មានឲ្យកាន់តែប្រសើរ សម្រាប់ជាប្រយោជន៍សាធារណៈ ពិសេសផ្តល់សុវត្ថិភាពព័ត៌មានជូនប្រជាពលរដ្ឋដើម្បីធានាស្ថិរភាព សណ្តាប់ធ្នាប់សង្គម។
ការជំរុញបែបនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាននិងសាធារណមតិ និងការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅមន្ទីរព័ត៌មានខេត្តកំពង់ធំ នារសៀលថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក អ៊ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តកំពង់ធំ ព្រមទាំងប្រតិភូក្រសួង និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តជាច្រើនរូបផងដែរ។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យ បានណែនាំនិងជំរុញឲ្យមន្ទីរព័ត៌មានខេត្ត ផ្តោតលើការផលិតមាតិកាបែបអប់រំផ្សព្វផ្សាយខ្លីៗឲ្យបានច្រើន ដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានអំពីអាទិភាពវិស័យអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការធានាស្ថិរភាពសង្គម និងការពារសន្តិសុខជាតិកម្ពុជា។ លោកក៏បានផ្តល់អនុសាសន៍ជាក់លាក់ទាក់ទងនឹងទម្រង់ និងប្រធានបទជាមួយខ្លឹមសារដែលក្រុមការងារព័ត៌មាននិងសាធារណមតិ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តការងារប្រចាំថ្ងៃ។
លោក ទេព អស្នារិទ្ធ បានសង្កត់ធ្ងន់បន្ថែមថា ការចេះសម្របខ្លួនបានលឿនលើបច្ចេកទេសផលិត និងផ្សព្វផ្សាយឱ្យស្របការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការព័ត៌មានក្នុងសង្គមឌីជីថល ពិសេសដើម្បីជំរុញមាតិកាព័ត៌មានពិត មានភាពទាក់ទាញ ស្របតាមការចូលចិត្តទទួលព័ត៌មាននាពេលបច្ចុប្បន្ន វាជាការពង្រឹងសមត្ថភាពជំនាញទាន់សម័យកាល និងបង្កើនលទ្ធភាពក្នុងការបញ្ជ្រាបព័ត៌មានពិត មានគុណភាពក៏ដូចជាសារអប់រំផ្សេងៗ សំដៅការពារសន្តិសុខព័ត៌មានជាតិ បន្សាបឥទ្ធិពលនៃព័ត៌មានក្លែងក្លាយ និងរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងស្ថិរភាពនៅក្នុងសង្គមឌីជីថល។
ដូចគ្នានេះដែរ ការចាក់បញ្ចូលខ្លឹមសារដើម្បីលើកកម្ពស់ការយល់ដឹងអក្ខរកម្មព័ត៌មាន និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់បណ្តាញសង្គមមានសារៈសំខាន់បែបយុទ្ធសាស្ត្រ ក្នុងការជំរុញកម្លាំងចលករវិជ្ជមានក្នុងការអភិវឌ្ឍសង្គមជាតិ ពិសេសចូលទៅដល់ស្រទាប់យុវជនបានប្រសើរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិតនៅក្នុងសហគមន៍។ ជាងនេះទៀត កិច្ចខិតខំនេះរួមចំណែកក្នុងការបង្កើតភាពធន់ក្នុងយុគសម័យឌីជីថល សំដៅធានាថាប្រជាពលរដ្ឋគ្រប់រូបមានសមត្ថភាពពេញលេញក្នុងការស្វែងយល់ ត្រិះរិះពិចារណា និងបដិសេធរាល់ខ្លឹមសារបំពុល បំផ្លើស បំភ្លៃ ដែលមានចេតនាបំភាន់ និងបង្កចលាចលក្នុងសង្គម៕