ភ្នំពេញ៖ សិង្ហបុរីបានសម្រេចបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមួយ ដោយផ្តោតលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) កម្រិតខ្ពស់ ស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន ពិសេសសម្រាប់ពលរដ្ឋកម្ពុជាដែលមានបំណងចង់ទៅបម្រើការងារ ឬស្វែងរកឱកាសការងារនៅប្រទេសសិង្ហបុរី ក្រោមគោលការណ៍ «ឈ្នះ-ឈ្នះ» ដើម្បីទទួលបានផលប្រយោជន៍ និងការរីកចម្រើនទៅវិញទៅមក។ នេះបើតាមការបញ្ជាក់របស់លោក ប៉ាង ឈី វី (PANG Chee Wee) ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី សិង្ហបុរីប្រចាំកម្ពុជា នៅថ្ងៃទី ៥ ខែមិថុនា ក្នុងឱកាសដែលសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានរដ្ឋសភា។
ក្រៅពីការលើកឡើង និងពិភាក្សាស៊ីជម្រៅលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សម្តេចប្រធានរដ្ឋសភា និងឯកអគ្គរដ្ឋទូតនៃប្រទេសសិង្ហបុរី ក៏បានពិភាក្សាស៊ីជម្រៅពីការបើកចំហច្រកសេដ្ឋកិច្ច និងការពង្រីកទំហំពាណិជ្ជកម្មបន្ថែមលើវិស័យយុទ្ធសាស្ត្រពាក់ព័ន្ធនានា ដែលជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ។
នៅក្នុងកិច្ចពិភាក្សានោះ សម្តេចប្រធានរដ្ឋសភាបានផ្តល់អនុសាសន៍គន្លឹះថា ដោយសារសិង្ហបុរីជាប្រទេសឈានមុខលើឧស្សាហកម្មខ្នាតធំ ភាគីសិង្ហបុរីគួរពិចារណាចែករំលែក ឬបង្វែរការផលិតផ្នែកតូចៗ (Sub-industries) មកកាន់កម្ពុជា ដើម្បីចូលរួមតភ្ជាប់ និងផ្គត់ផ្គង់ដល់ខ្សែច្រវាក់ផលិតកម្មធំៗរបស់ខ្លួន។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាក៏បានស្នើឱ្យមានការបង្កើនការវិនិយោគបន្ថែមលើវិស័យសុខាភិបាល វិស័យអប់រំ និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាផងដែរ។
ទន្ទឹមនឹងការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា លោក ប៉ាង ឈី វី បានសម្តែងការឯកភាព និងបានបង្ហើបឱ្យដឹងថា ប្រជាពលរដ្ឋសិង្ហបុរីបច្ចុប្បន្នមានការនិយមចូលចិត្ត និងគាំទ្រអង្ករគុណភាពខ្ពស់របស់កម្ពុជាយ៉ាងខ្លាំង ដែលនេះជាឱកាសដ៏វិសេសវិសាលសម្រាប់ពង្រីកការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី។
លើសពីនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានកត់សម្គាល់ឃើញពីសក្តានុពលដ៏មានតម្លៃលើការតភ្ជាប់គ្នាផ្នែកវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ដោយផ្តោតការយកចិត្តទុកដាក់សំខាន់លើការជំរុញ «អេកូទេសចរណ៍» នៅពេលខាងមុខ ប្រកបដោយនិរន្តរភាព និងផលប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែងសម្រាប់ប្រជាជាតិទាំងសងខាងផងដែរ៕