ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចដាក់វិន័យ សិស្សមួយក្រុមបាន ព្រួតវាយទៅលើសិស្សម្នាក់ នៅវិទ្យាល័យសម្តេច ហ៊ុន សែន ប៊ុន រ៉ានី ច្បារអំពៅ រាជធានីភ្នំពេញ ចំនួន ៦នាក់ ឱ្យធ្វើពលកម្មសាលារយៈពេល១ខែ។
យោងតាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សិស្សមួយក្រុមបាន ព្រួតវាយទៅលើសិស្សម្នាក់ នៅវិទ្យាល័យសម្តេច ហ៊ុន សែន ប៊ុន រ៉ានី ច្បារអំពៅ រាជធានីភ្នំពេញ ដែលបង្កឡើងដោយ សិស្សចំនួន ៦នាក់។ ករណីនេះ ក្រសួងសម្រេច ចាត់វិធានការវិន័យដល់ក្រុមសិស្សបង្កហេតុ ដោយធ្វើការអប់រំ ណែនាំផ្ទាល់ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ សកម្មភាពហិង្សា ដោយមានការដឹងឮ និងចុះហត្ថលេខាពីឪពុកម្តាយ ឬអាណាព្យាបាលសិស្ស។
លើសពីនេះ ក្រសួង ណែនាំឱ្យនាយកវិទ្យាល័យត្រូវវិធានការលើសិស្សបង្កហេតុទាំង ៦នាក់ ដោយកំណត់ឱ្យធ្វើពលកម្មសាលារៀន ឬ ការងារបម្រើផលប្រយោជន៍សាធារណៈ ក្នុងសាលាក្នុងរយៈពេល១ខែ ដោយមិនទាន់គិតពីវិធានការ ផ្លូវច្បាប់ផ្សេងទៀត ដែលអនុវត្តដោយអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ករណីមិនរាងចាល ក្រសួងនឹងផ្អាកការសិក្សាបណ្តោះអាសន្នក្នុងរយៈពេល ១ ឬ២សប្តាហ៍ ឬប្តូរថ្នាក់ ឬប្តូរសាលារៀនទៅសាលាផ្សេង។
ក្រសួងក៏បានស្នើដល់ឪពុកម្តាយ ឬអ្នកអាណាព្យាបាលសិស្សបង្កហេតុ និងអ្នកអាណាព្យាបាលសិស្សរងគ្រោះ បង្កើនការតាមដាន និងអប់រំកូនចៅបន្ថែមនៅផ្ទះ ទាំងផ្នែកអាកប្បកិរិយា ការសេពគប់មិត្តភក្តិ និងការប្រើ ប្រាស់បណ្តាញសង្គម ឱ្យបានជិតដិតជាងមុន និងត្រូវរាយការណ៍មកសាលាជាប្រចាំ៕