ភ្នំពេញ៖ អាកាសចរណ៍ស៊ីវិលកម្ពុជា ចាត់ទុកការអនុម័តកញ្ចប់វិនិយោគពីក្រុមប្រឹក្សាភិបាលនៃសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ (DFC) របស់សហអាម៉េរិកលើអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្លុះបញ្ចាំងពីទំនុកចិត្ត និងបង្ហាញពីការបន្តគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រនៅក្នុងតំបន់ និងសកលលោក។ នេះជាការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។
លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា គិតមកដល់ពេលនេះ មានការបញ្ជាក់ជាផ្លូវការពី U.S. International Development Finance Corporation (DFC) ថា ក្រុមប្រឹក្សាភិបាល DFC បានអនុម័តការវិនិយោគជាយុទ្ធសាស្ត្រដែលរួមបញ្ចូលការគាំទ្រ refinancing សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅភ្នំពេញ។ ឯកសារ Public Information Summary របស់ DFC ក៏បានបញ្ជាក់ពីគម្រោងជាមួយ Overseas Cambodian Investment Corporation, Ltd. ក្នុងទម្រង់ Debt Financing ចំនួន ១០០ លានដុល្លារអាម៉េរិក សម្រាប់ការបង្វិលហិរញ្ញប្បទានដែលមានរយៈពេលខ្លី ដែលបានប្រើប្រាស់ក្នុងការសាងសង់ និងអភិវឌ្ឍន៍ Phase 1 នៃអាកាសយានដ្ឋាននេះ។
ទោះជាយ៉ាងណា តាមសេចក្តីប្រកាសរបស់ DFC ការអនុវត្តហិរញ្ញប្បទានជាក់ស្តែងគឺអាស្រ័យលើការបំពេញលក្ខខណ្ឌមុនការសម្រេច (Conditions Precedent) និងនីតិវិធីផ្ទៃក្នុងពាក់ព័ន្ធរបស់ DFC ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដ៏សំខាន់របស់កម្ពុជា ដែលទទួលបានការគាំទ្រពី U.S. International Development Finance Corporation (DFC) សម្រាប់ការរៀបចំហិរញ្ញប្បទានឡើងវិញ (Refinancing)។ ការគាំទ្រនេះឆ្លុះបញ្ចាំងពីទំនុកចិត្តលើសក្តានុពលរយៈពេលវែងរបស់គម្រោង និងការរួមចំណែកក្នុងការពង្រឹងការតភ្ជាប់ជាសកល ការទាក់ទាញវិនិយោគ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។
សារៈសំខាន់ជាយុទ្ធសាស្ត្រ ក្នុងការទទួលបានហិរញ្ញប្បទាននេះពី DFC មានច្រើនយ៉ាងដូចជា ការចូលរួមកាត់បន្ថយការពឹងផ្អែកលើប្រភពមូលធនតែមួយ, ពង្រឹងតុល្យភាព និងភាពធន់នៃរចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់គម្រោង និងបង្កើនទំនុកចិត្តពីវិនិយោគិន និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ។
ជាមួយគ្នានេះ វាក៏នឹងជួយសម្រួលដល់ការរៀបចំហិរញ្ញប្បទានឡើងវិញ (Refinancing) នៃបំណុលដែលមានស្រាប់ ក៏ដូចជាជួយកាត់បន្ថយសម្ពាធលើការចំណាយហិរញ្ញវត្ថុរយៈពេលវែង ជាពិសេសជួយលើកកម្ពស់ទំនុកចិត្តរបស់ទីផ្សារហិរញ្ញវត្ថុអន្តរជាតិចំពោះគម្រោង និងវិស័យអាកាសចរណ៍កម្ពុជា និងអាចជំរុញការចាប់អារម្មណ៍ពីវិនិយោគិន ក៏ដូចជាបង្កើនឱកាសទាក់ទាញទុនវិនិយោគពីសហរដ្ឋអាមេរិក, ជប៉ុន, អឺរ៉ុប, និងស្ថាប័នពហុភាគី៕