681 ezgif.com resize
Swift cc time

នគរបាលជាតិកម្ពុជា ប្តេជ្ញាធានាសុខសុវត្តិភាពចំពោះអ្នកសារព័ត៌មាន ជាពិសេសស្ត្រី ដើម្បីអាចបំពេញភារកិច្ចដោយមិនភ័យខ្លាច

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៤ មិថុនា បានបេ្តជ្ញាចិត្តក្នុងការបង្កើតបរិយាកាសមួយដែលអ្នកសារព័ត៌មានជាស្ត្រីអាចបំពេញភារកិច្ចបានដោយមិនភ័យខ្លាច ឬ ការបំភិតបំភ័យ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា បិទគម្លាតរវាងមន្ត្រីអនុវត្តច្បាប់ និងអ្នកសារព័ត៌មាន សហការគ្នាអនុវត្តភារកិច្ចដោយមិនភ័យខ្លាចការយាយី ឬ បញ្ហាគ្រោះថ្នាក់ផ្សេងៗ។ ការលើកឡើងនេះ កំឡុងពេលកិច្ចពិភាក្សារវាងនគរបាលជាតិ និងអ្នកសារព័ត៌មានស្ដ្រី។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ មើលឃើញថាកិច្ចពិភាក្សានេះ ពិតជាមានសារៈសំខាន់ ផ្តល់ជាឱកាសដ៏កម្រមួយ សម្រាប់តួអង្គសំខាន់ៗ ចំនួនពីរ គឺកងកម្លាំងនគរបាលជាតិ និងអ្នកសារព័ត៌មាន ដែលមានគោលដៅរួម និង ការទទួលខុសត្រូវរួម គឺ បម្រើ និងការពារផលប្រយោជន៍សាធារណៈ និងលើកតម្កើងតម្លៃគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានធ្វើការជួបពិភាក្សាផ្លាស់ប្តូរយោបល់ ស្តាប់គ្នាទៅវិញទៅមក ចែករំលែក ការយល់ដឹង និងបទពិសោធន៍ការងាររបស់ខ្លួនកន្លងមក។ មិនត្រឹមតែប៉ុណ្ណោះ ក៏អាចជាឱកាសមួយដើម្បី ស្វែងរកនូវរាល់បញ្ហាប្រឈមផ្សេងៗ និងកំណត់បាននូវមធ្យោបាយដោះស្រាយរួមគ្នាមួយ ដើម្បីលើកកម្ពស់ បង្កើនកិច្ចសហប្រតិបត្តិការឱ្យតែល្អប្រសើរបន្ថែមទៀត។

ទន្ធឹងនឹងនេះ លោកស្នងការនគរបាលរាជធានីភ្នំពេញ សង្ឃឹមថា កិច្ចពិភាក្សានាពេលនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរួមគ្នា ក្នុង ការបង្កើតបរិយាកាសមួយដែលអ្នកសារព័ត៌មានជាស្ត្រីអាចបំពេញភារកិច្ចរបស់ពួកគាត់ដោយមិនភ័យខ្លាច ឬ ការបំភិតបំភ័យ។ មិនត្រឹមប៉ុណ្ណោះ ជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបិទគម្លាតរវាងមន្ត្រីអនុវត្តច្បាប់ និងអ្នកសារព័ត៌មាន ហើយតាមរយៈការសហការគ្នា អាចបង្កើតបរិយាកាសមួយដែលអ្នកសារព័ត៌មានជាស្ត្រីមានអារម្មណ៍សុវត្ថិភាព ក្នុងការ អនុវត្តភារកិច្ចរបស់ពួកគាត់ដោយមិនភ័យខ្លាចការយាយី ឬ បញ្ហាគ្រោះថ្នាក់ផ្សេងៗ៕


Khcct banner

អត្ថបទទាក់ទង