ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការពារនិងអភិរក្សធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជានាពេលកន្លងមក ដែលនាំឱ្យប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោក។ នេះបើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី ៤ មិថុនា ឆ្នាំ២០២៦។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា «រាជរដ្ឋាភិបាលបានឃើញរបាយការណ៍ស្តីពីការផ្តល់ចំណាត់ថ្នាក់ប្រទេសកម្ពុជាជាប្រទេសមានបរិស្ថានធម្មជាតិលេខ១ លើពិភពលោក ដោយស្ថាប័ន U.S. News & World Report និងសូមអបអរសាទរ និងកោតសរសើរ»។ ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែត បានណែនាំឱ្យធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ព្រោះសមិទ្ធផលនេះជាមោទនភាពរបស់ប្រទេសជាតិ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១ ជាប្រទេសដែលមានបរិស្ថានធម្មជាតិល្អបំផុតនៅលើពិភពលោក នៅក្នុងឆ្នាំ ២០២៦នេះ នៅក្នុងរបាយការណ៍ស្ទង់មតិ និងចំណាត់ថ្នាក់សកលរបស់ U.S. News & World Report។ ការវាយតម្លៃនេះផ្អែកលើលក្ខណសម្បត្តិសំខាន់ៗរួមមាន៖ ការគ្រប់គ្រងបរិស្ថានបានល្អ និងការផ្តល់ខ្យល់អាកាសបរិសុទ្ធ មានការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព និងកិច្ចខិតខំប្រឹងប្រែង ក្នុងការអភិរក្សជីវៈចម្រុះ ប្រកបដោយប្រសិទ្ធភាព៕