ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំពិធី«ដើរ ២៧០០ ជំហាន ដើម្បីទារក និងកុមារកម្ពុជា» ក្នុងគោលដៅគាំទ្រ“យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់ទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយទទួលបានថវិកាបរិច្ចាគក្នុងពិធីសរុបប្រមាណជាង ២ពាន់លានរៀល។ ពិធីនេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មន្រ្តីរាជការ និងបុគ្គលិកផ្សេងៗសរុបប្រមាណ ១, ៦៥០នាក់។
នាឱកាសនេះ លោក ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានលើកឡើងថា ពិធី«ដើរ ២៧០០ ជំហាន ដើម្បីទារក និងកុមារកម្ពុជា» ជាពិធីមួយដែលត្រូវបានធ្វើឡើងដើម្បីសំដៅគាំទ្រ“យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់ទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ហើយការបរិច្ចាគថវិកាក្នុងពិធីនេះ ពិតជាមានតម្លៃដ៏ធំធេង ក្នុងការចូលរួមសង្គ្រោះជីវិតទារក និងកុមារនៅកម្ពុជា ដែលទទួលបានការពិនិត្យ និងព្យាបាលនៅមន្ទីពេទ្យគន្ធបុប្ផា និងសេវាសម្ភព ដោយឥតគិតថ្លៃ។
លោកបញ្ជាក់ថា ដោយគិតត្រឹមព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ “យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ មានអ្នកចូលរួមបរិច្ចាគចំនួនជាង ៧ម៉ឺននាក់ ដោយទទួលបានថវិកាបរិច្ចាគសរុបសមមូលជាដុល្លារអាម៉េរិកចំនួនប្រមាណ ៣,៥ លានដុល្លារ ដោយមិនទាត់គិតបញ្ចូលនូវថវិកាបរិច្ចាគក្នុង “ដើរ ២ ៧០០ ជំហាន ដើម្បីទារក និងកុមារកម្ពុជា” ចំនួនប្រមាណជាង ២ ១០០ លានរៀល ពីសប្បុរសជនចំនួនជាង ១០ ០០០ នាក់ នៅឡើយ។
គួរបញ្ជាក់ថា ទារក និងកុមារនៅកម្ពុជា ដែលទទួលបានការពិនិត្យ និងព្យាបាលនៅមន្ទីពេទ្យគន្ធបុប្ផា និងសេវាសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង មានចំនួនប្រមាណជាង ១ លានករណី ក្នុងមួយឆ្នាំៗ។ លោកបន្ថែមថា ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យគន្ធបុប្ផា ទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ត្រូវការថវិកាចំនួនប្រមាណ ៤៥ លានដុល្លារអាម៉េរិក ឬ ជាង ១២ ម៉ឺនដុល្លារអារម៉េរិក ក្នុងមួយថ្ងៃៗ ដើម្បីបំពេញបេសកកម្មសង្រ្គោះជីវិតទារក និងកុមារ ក៏ដូចជាការផ្ដល់សេវាសម្ភពនេះ៕