បន្ទាយមានជ័យ៖ នាពេលកន្លងមក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ហោះផ្សព្វផ្សាយករណីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពការផ្សព្វផ្សាយល្បែងផ្សងសំណាងឆ្នោតកោសតាមអនឡាញ ក្នុងគោលបំណងបង្កាទប់ស្កាត់ និងកាត់បន្ថយនូវការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប៉ុន្តែនៅតែឃើញមានការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់តាមអនឡាញ តាមរយៈ ទំព័រហ្វេកប៊ុករបស់ជនខិលខូច ដែលបណ្តាលអោយមានប្រជាពលរដ្ឋទទួលរងការឆបោកចំពោះករណីនេះ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ថ្មីៗនេះ កម្លាំងចម្រុះ នៃអគ្គស្នងការនគរបាលជាតិ បានចុះឆែកឆេរអគារមួយកន្លែង ស្ថិតក្នុងខេត្តបន្ទាយមានជ័យ រកឃើញក្រុមឆបោកតាមបច្ចេកវិទ្យា កំពុងធ្វើការ live នៅលើផេកឆ្នោតកោស និងបានកំពុងឆបោកប្រជាពលរដ្ឋជាច្រើននាក់។ ប្រត្តិបត្តការបង្រ្កាបនេះ មន្រ្តីជំនាញ បានរកឃើញផេកដែលធ្វើការ Live ឆបោក រួមមាន៖ ថ្ងៃនេះឈ្នះ- Wintodayjh, ឈ្នះភ្លាមៗរាល់ថ្ងៃ-Quickwindaily, សំណាងថ្មីថ្ងៃនេះ-Newlucky88, សំណាងរាល់ថ្ងៃ- everydayluck88, កិសសំណាង-LuckyScratch88, រង្វាន់ថ្ងៃនេះ- GiftToday88, សំណាងភ្លាមៗ- InstandLuck88, កោះហើយឈ្នះរាល់ថ្ងៃ- Scratch WinDaily” ក្រោមរូបភាពឈ្នះរង្វាន់ឆ្នោតកោស ហើយឱ្យជនរងគ្រោះផ្ញើប្រាក់ដើម្បីបានទទួលរង្វាន់ធំ។
នាយកដ្ឋាន បានក្រើនរំលឹកដល់សារធារណជនមានការប្រុងប្រយ័ត្ន ចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ ដែលអាចឈានទៅដល់ការឆបោកតាមអនឡាញនានា និងជៀសអោយឆ្ងាយពីការប្រព្រឹត្តល្បែងផ្សងសំណាង ល្បែងភ្នាល់តាមអនឡាញដែលជាទង្វើខុសច្បាប់ ៕