ភ្នំពេញ៖ កម្ពុជា-ចិន តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងទូតចិនប្រចាំកម្ពុជា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦ ចំនួន៧ ដែលមានទឹកប្រាក់ប្រមាណ ១.៩៨០.០០០ ដុល្លារអាម៉េរិក។ ការចុះហត្ថលេខានេះត្រូវបានធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ រវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ជាមួយលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
បើតាមរបាយការណ៍ កិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៦ ចំនួន៧ ដែលមានទឹកប្រាក់ប្រមាណ ១.៩៨០.០០០ ដុល្លារអាម៉េរិក រួមមាន៖ ១. សហគ្រាសកសិករផលិតផ្សិតដើម្បីកាត់បន្ថយភាពក្រីក្រនៅខេត្តកណ្តាល ២. ការរួមបញ្ចូលគ្នានៃការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងចែកចាយទឹកស្អាតដើម្បីអនាគត ទាំងអស់គ្នា - ដំណាក់កាលទី២ ៣. ការពង្រីកលទ្ធភាពឈានចូលទីផ្សារតំបន់តាមរយៈនវានុវត្តន៍សំបកវេចខ្ចប់ នៅក្នុងបណ្តាប្រទេសមេគង្គ-ឡានឆាង ៤. គម្រោងលុបបំបាត់ជំងឺរលាកថ្លើម ៥. ឌីជីថលូបនីយកម្មទេសចរណ៍សហគមន៍មេគង្គ-ឡានឆាង៖ ការត្រៀមខ្លួនសម្រាប់ទទួល ភ្ញៀវទេសចរចិន ៦. ការពង្រឹងសមត្ថភាពបច្ចេកវិទ្យាបៃតង និងបរិវត្តកម្មឌីជីថល សម្រាប់វិស្វករក្នុងបណ្តាប្រទេស អនុតំបន់មេគង្គ និង៧. ពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា៖ គម្រោងការលើកកម្ពស់សមត្ថភាពទិន្នន័យទឹក និង កិច្ចសន្ទនាថ្នាក់តំបន់ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។ គម្រោងទាំងនេះនឹងរួមចំណែកដល់ការជំរុញការអភិវឌ្ឍជាតិជាអាទិភាពរបស់កម្ពុជាលើវិស័យផ្សេងៗ រួមមាន ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍជនបទ សុខាភិបាល ទេសចរណ៍ និងបរិវត្តកម្មឌីជីថល។
ក្រសួងការបរទេសនៃកម្ពុជា បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៧ កម្ពុជាទទួលបានការគាំទ្រថវិកាសម្រាប់គម្រោងចំនួន ១១៣ ក្រោមមូលនិធិ ពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេផ្ទះនិង។ ការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះដោយ ជោគជ័យ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជានិងចិន ក្នុងការកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់បណ្តាប្រទេសមេគង្គ-ឡានឆាងទាំងអស់៕