ព្រះសីហនុ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី៣ ខែមិថុនា បានចុះធ្វើរដ្ឋបាលចំហទីតាំងអាគារស្នាក់នៅមួយកន្លែង រកឃើញសម្ភារ និងវត្ថុជាឧបករណ៍អេឡិចត្រូនិចជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ១១១នាក់ (ស្រី ៣៧នាក់)ជាជនជាតិឥណ្ឌូនេសុី ក្នុងនោះ មានជនជាតិឥណ្ឌូនេស៊ី ចំនួន ១០៨នាក់ ត្រៀមនឹងបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។ ចំពោះ វត្ថុតាងកម្លាំងជំនាញបានដកហូត រួមមាន៖ កុំព្យូទ័រយួរដៃ ចំនួន ១១៧គ្រឿង, ទូរស័ព្ទដៃចំនួន ៤១៥គ្រឿង, ធុង CPU ចំនួន ១៧ គ្រឿង, ម៉ូនីទ័រ Monitor ១៩ គ្រឿង និង ម៉ូតូ ១៥គ្រឿង។
ចំណែកជនសង្ស័យ ៣នាក់ផេ្សងទៀត រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕