ភ្នំពេញ៖ ជនសង្ស័យជា ជនជាតិខ្មែរ និងចិន សរុប៤នាក់ នៅថ្ងៃទី៣ មិថុនានេះ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខ បន្ទាប់ពីបានឃាត់ខ្លួនកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុនលើជនរងគ្រោះ២នាក់ នៅចំណុចផ្ទះសំណាក់១៦៨D ផ្លូវបេតុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។
ប្រតិបត្តិការស្រាវជ្រាវបង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តប្រតិបត្តិការស្រាវជ្រាវដឹកនាំបង្ក្រាប ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែននគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខណ្ឌច្បារអំពៅ និងខណ្ឌជ្រោយចង្វារ ។
ជនសង្ស័យទាំង០៤នាក់មានឈ្មោះ សុខា ដានី ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ , ទី២ឈ្មោះ យុន គឹមហ៊ន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ , ទី៣ឈ្មោះ WONG YENLONG ភេទប្រុសអាយុ៣១ ជនជាតិចិន និងទី៤ឈ្មោះ YU WEIMING ភេទប្រុស អាយុ២៦ ជនជាតិចិន ។ ចំណែក ជនរងគ្រោះទាំាង២នាក់មានឈ្មោះ តាំង ស៊ីម៉េង ភេទប្រុស(ក្លែងភេទជាស្រី) អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិ៦ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា(ស្លាប់) និងម្នាក់ឈ្មោះ អែម គីមស៊្រុន ភេទប្រុស អាយុ៣៨ ជនជាតិខ្មែរ មុខរបរបើកបររថយន្តតាក់ស៊ី ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ(ស្លាប់)។
តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យ សមត្ថកិច្ចក៏បានស្រាវជ្រាវរកឃើញសាកសពជនរងគ្រោះទាំងពីរខាងលើ កប់ក្នុងរណ្តៅលូ មានចាក់បេតុងពី នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែលក្រុមជនសង្ស័យបានសម្លាប់ពួកគេនៅខណ្ឌច្បារអំពៅ ហើយដឹកយសពយកទៅកប់នៅខណ្ឌជ្រោយចង្វារ ។ ក្នុងការបង្ក្រាប សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ដំបងចំនួន០១, ពូថៅចំនួន០១, ខ្សែភ្លើងមួយចំនួន និងទូរស័ព្ទម៉ាកអាយហ្វូន ០១គ្រឿង ។ បច្ចុប្បន្នក្រុមសង្ស័យ និងវត្ថុតាង កម្លាំងជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកសេសសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន៕