ភ្នំពេញ៖ ឧកញ៉ាវេជ្ជបណ្ឌិត លឹម លីណា អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកាណាឌីយ៉ា គ្រុប (Canadia Group) សហគ្រិន និងជាវេជ្ជបណ្ឌិត មានកិត្តិយសដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មសកល «Choose France» ដែលបានប្រារព្ធឡើងនៅវិមាន Versailles នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។ លោកស្រីត្រូវបានអមដំណើរដោយលោក Vincent Kou អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC)។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង ឧកញ៉ាវេជ្ជបណ្ឌិត លឹម លីណា ក៏មានឱកាសជួបជាមួយប្រធានាធិបតីបារាំង Emmanuel Macron នៅវិមាន Élysée និងផ្លាស់ប្តូរទស្សនៈជាមួយថ្នាក់ដឹកនាំអាជីវកម្ម និងស្ថាប័នអន្តរជាតិ។
កម្មវិធី «Choose France» ដែលបង្កើតឡើងដោយប្រធានាធិបតី Emmanuel Macron ក្នុងឆ្នាំ ២០១៨ បានប្រមូលផ្តុំវិនិយោគិនអន្តរជាតិឈានមុខ នាយកប្រតិបត្តិអាជីវកម្ម និងដឹកនាំធុរកិច្ច ដើម្បីពិភាក្សាអំពីការវិនិយោគ នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសកល។ កម្មវិធីប្រចាំឆ្នាំនេះបានប្រមូលផ្តុំបុគ្គលសំខាន់ៗជាច្រើនពីសហគមន៍ធុរកិច្ចអន្តរជាតិ រួមមាន Xavier Niel ស្ថាបនិក Iliad; Chia Song Hwee នាយកប្រតិបត្តិក្រុមហ៊ុន Temasek; និង Masayoshi Son នាយកប្រតិបត្តិក្រុមហ៊ុន SoftBank ដែលបានប្រកាសពីការវិនិយោគចំនួន ៧៥ ពាន់លានអឺរ៉ូនៅប្រទេសបារាំង រួមជាមួយថ្នាក់ដឹកនាំមកពីក្រុមហ៊ុនដែលមានទីតាំងនៅច្រើនប្រទេស មូលនិធិវិនិយោគរបស់រដ្ឋ និងក្រុមហ៊ុនធំៗទូទាំងពិភពលោក។
ក្នុងនាមជាអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Canadia Group ដែលមានផ្នែកហិរញ្ញវត្ថុរបស់ខ្លួនក្រោមក្រុមហ៊ុន កាណាឌីយ៉ា អ៊ីនវេសមិន ហូលឌីង ភីអិលស៊ី (CIH) និងក្រុមហ៊ុនពហុវិស័យរបស់ខ្លួនក្រោមក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ឧកញ៉ាវេជ្ជបណ្ឌិត លឹម លីណា ចូលរួមចំណែកដល់ការអភិវឌ្ឍជាបន្តបន្ទាប់របស់ក្រុមហ៊ុននៅទូទាំងវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា។
លោកស្រីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអប់រំភាសាបារាំងនៅកម្ពុជា ក្នុងនាមជាស្ថាបនិកនៃ សាលាអន្តរជាតិ បារាំង ភ្នំពេញ (École Française Internationale) និង សាកលវិទ្យាល័យ Université Francophone d’Asie (UFA)។ ក្រៅពីវិស័យអប់រំ លោកស្រីបានរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងជាមួយស្ថាប័ន និងធុរកិច្ចបារាំង។
OCIC ក៏បានធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតបារាំងប្រចាំនៅកម្ពុជាផងដែរ ក៏ដូចជាវិទ្យាស្ថានបារាំងនៅកម្ពុជា (Institut Français du Cambodge) អស់រយៈពេលជាងបីឆ្នាំ ដែលឆ្លុះបញ្ចាំងពីការគាំទ្រជាបន្តបន្ទាប់របស់ក្រុមហ៊ុនចំពោះ ហ្រ្វង់កូហ្វូនី (La Francophonie) និងគំនិតផ្តួចផ្តើមវប្បធម៌បារាំងនៅកម្ពុជា។
ការចូលរួមនេះក៏កើតឡើងនៅពេលដែលប្រទេសកម្ពុជាកំពុងរៀបចំយ៉ាងសកម្មសម្រាប់កិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនី (Francophonie) លើកទី 20 ដែលនឹងមកដល់នៅទីក្រុងភ្នំពេញនៅខែវិច្ឆិកានេះ ដែលជាការជួបជុំអន្តរជាតិដ៏សំខាន់មួយដែលត្រូវបានគេរំពឹងថានឹងស្វាគមន៍គណៈប្រតិភូមកពីជាង 88 ប្រទេស និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងវប្បធម៌ សេដ្ឋកិច្ច និងស្ថាប័ននានានៅទូទាំងបណ្តាប្រទេស ហ្រ្វង់កូហ្វូន (Francophone)។
OCIC កំពុងចូលរួមចំណែកទាំងនេះដោយគាំទ្រដល់អ្នករៀបចំ ដោយព្រឹត្តិការណ៍សំខាន់ៗត្រូវបានកំណត់ឱ្យធ្វើឡើងនៅទីតាំងដែលបានអភិវឌ្ឍដោយ OCIC រួមមានកិច្ចប្រជុំកំពូលនៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ និង FrancoTech នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ។ ការចូលរួមនេះឆ្លុះបញ្ចាំងពីចំណងយូរអង្វែងរបស់ក្រុមហ៊ុនជាមួយសហគមន៍អ្នកនិយាយភាសាបារាំង (Francophone) ដោយមានជនជាតិបារាំងជាង ៥០ នាក់ និងអ្នកជំនាញមកពីប្រទេស Francophone ជាច្រើនកំពុងធ្វើការនៅទូទាំងប្រព័ន្ធក្រុមហ៊ុន Canadia Group។
តាមរយៈការចូលរួមរបស់លោកស្រីជាអ្នកតំណាងក្នុងវិស័យធុរកិច្ចសម្រាប់ប្រទេសកម្ពុជា ឧកញ៉ាវេជ្ជបណ្ឌិត លឹម លីណា បន្តលើកទឹកចិត្តដល់ការសន្ទនា ការតភ្ជាប់ និងកិច្ចសហការរវាងប្រទេសកម្ពុជា និងដៃគូអន្តរជាតិ។