681 ezgif.com resize
Swift cc time

កម្ពុជា-ឥណ្ឌា ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមឃ្យូអរកូត សម្រាប់ដំណាក់កាលទី១

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី “ធនាគារ អេស៊ីលីដា” ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រជាសាធារណៈនៅកម្ពុជា បានប្រកាសពិធីដាក់ឱ្យដំណើរការជាផ្លូវការដំណាក់កាលទី១ នៃការទូទាត់ឆ្លងដែនតាមឃ្យូរអរកូត រវាងសាធារណរដ្ឋឥណ្ឌា និងព្រះរាជាណាចក្រកម្ពុជា "ឥណ្ឌាស្កេនខេអេចឃ្យូអរកូត (KHQR) របស់កម្ពុជា។ ពិធីនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងតំណាងមកពីធនាគារកណ្តាលឥណ្ឌា។

នាឱកាសនេះ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា “ធនាគារ អេស៊ីលីដា ភីអិលស៊ី មានសេចក្តីសោមនស្សរីករាយក្នុងការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនដំណាក់កាលទី១ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរឥណ្ឌាអាចទូទាត់ថ្លៃទិញទំនិញ និងសេវាកម្មផ្សេងៗ ប្រកបដោយសុវត្ថិភាពតាមរយៈកម្មវិធី UPI-enabled នៅទូទាំងបណ្តាញពាណិជ្ជករ KHQR ដ៏ធំទូលាយរបស់យើង។ ភាពជាដៃគូនេះតំណាងឱ្យសមិទ្ធិផលដ៏សំខាន់មួយនៅក្នុងផែនទីបរិវត្តកម្មឌីជីថល។

កិច្ចសហប្រតិបត្តិការនេះមានគោលបំណងពង្រីកវិសាលភាពនៃការទូទាត់ប្រាក់ឌីជីថល រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ព្រមទាំងគាំទ្រដល់វិស័យទេសចរណ៍នៃប្រទេសទាំងពីរ។ ការតភ្ជាប់ប្រព័ន្ធទូទាត់ឌីជីថលទ្វេភាគីនេះ គឺស្របគ្នានឹងចក្ខុវិស័យអាស៊ាន ក្នុងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល ការធ្វើសមាហរណកម្មថ្នាក់តំបន់ និងផ្តល់ជម្រើសទូទាត់ឆ្លងដែនដែលរហ័ស មានសុវត្ថិភាព និងតម្លៃសមរម្យ។ ការតភ្ជាប់នេះបានសម្រួលការទូទាត់សម្រាប់ភ្ញៀវទេសចរ ព្រមទាំងជួយជំរុញកំណើនពាណិជ្ជកម្ម ធុរកិច្ច និងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរកាន់តែខ្លាំងក្លាថែមទៀត។

ជាមួយគ្នានេះ លោក Ritesh Shukla, នាយកប្រតិបត្តិ ក្រុមហ៊ុន NPCI International បានមានប្រសាសន៍ថា “នៅ NPCI International គោលបំណងរបស់យើង គឺដើម្បីពង្រីកការបង្កើតថ្មីនៃការទូទាត់ឌីជីថលរបស់ប្រទេសឥណ្ឌាទៅកាន់ទីផ្សារពិភពលោក តាមរយៈភាពជាដៃគូដែលអាចជឿទុកចិត្តបាន។ ការដាក់ឱ្យដំណើរការសម្រាប់ការទូទាត់តាមរយៈកម្មវិធី UPI នៅក្នុងប្រទេសកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរការនៃការទូទាត់ឆ្លងដែននេះ។ ការទូទាត់នេះ នឹងផ្តល់ជូនភ្ញៀវទេសចរ ដែលជាជនជាតិ ឥណ្ឌានូវភាពរីករាយ និងបទពិសោធន៍ទូទាត់ ប្រកបដោយសុវត្ថិភាពខ្ពស់ និងមានភាពងាយស្រួល ខណៈពេលដែលពាណិជ្ជករ កម្ពុជាទទួលបានអ្នកប្រើប្រាស់ឌីជីថលដំបូងរាប់លាននាក់។ កិច្ចសហការនេះ មិនត្រឹមតែពង្រឹងការតភ្ជាប់ការទូទាត់តាមពេលវេលាជាក់ស្តែង រវាងប្រព័ន្ធអេកូនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមូលដ្ឋានគ្រឹះសម្រាប់ការចូលរួមជំរុញវិស័យ ទេសចរណ៍ និងពាណិជ្ជកម្ម។”

គួរបញ្ជាក់ថា តាមរយៈការដាក់ឱ្យប្រើប្រាស់ការទូទាត់ឆ្លងដែនដំណាក់កាលទី១នេះ អ្នកដំណើរមកពីប្រទេសឥណ្ឌា អាចធ្វើការទូទាត់ប្រាក់បានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់ តាមរយៈប្រព័ន្ធ UPI (Unified Payments Interface) នៅលើបណ្តាញខេអេចឃ្យូអរកូត (KHQR) របស់ពាណិជ្ជករទូទាំងប្រទេសកម្ពុជា ដើម្បីទូទាត់ថ្លៃទិញទំនិញ និងសេវាកម្ម ផ្សេងៗ នៅតាមតំបន់ទេសចរណ៍ ភោជនីយដ្ឋាន ហាងលក់ទំនិញ និងបណ្តាអាជីវកម្មផ្សេងៗទៀត ប្រកបដោយភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាព និងជួយជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងប្រទេសឱ្យកាន់តែទូលំទូលាយ៕


Khcct banner

អត្ថបទទាក់ទង