681 ezgif.com resize
Swift cc time

ទណ្ឌិតជាក្មេងទំនើង៧៩០នាក់ ចូលរួម«ដាំបន្លែ ចិញ្ចឹមសត្វ និងធ្វើគម្របលេណដ្ឋាន»ដើម្បីគាំទ្រកម្លាំងជួរមុខ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ទណ្ឌិតជាក្មេងទំនើងចំនួន ៧៩០នាក់ ដែលត្រូវបានផ្ទេរទៅអនុវត្តទោសនៅមណ្ឌលអប់រំកែប្រែទី៤ ខេត្តពោធិ៍សាត់ និងពន្ធនាគារខេត្តឧត្តរមានជ័យ កំពុងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពដាំដុះបន្លែ ចិញ្ចឹមសត្វ ធ្វើគម្របលេណដ្ឋាន និងសំណង់បេតុងផ្សេងៗ ដើម្បីគាំទ្រដល់កម្លាំងជួរមុខការពារអធិបតេយ្យភាពជាតិ។ នេះបើតាមអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថានៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦។

បើតាមអគ្គនាយកដ្ឋានពន្ធនាគារ ទណ្ឌិតទាំងនេះបានចាត់ចែងផ្ទេរពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារគោលដៅ ចំនួន២ រួមមាន៖ មណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់) ចំនួន ៦៥១នាក់ និងពន្ធនាគារខេត្តឧត្តរមានជ័យចំនួន ១៣៩នាក់។ ទណ្ឌិតជាក្មេងទំនើងខាងលើនេះ បានអនុវត្តយ៉ាងសកម្ម ស្របតាមនូវវិធានការនានាដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ក្នុងគោលបំណងបង្កើនការអប់រំកែប្រែស្តារនីតិសម្បទា តាមរយៈការចូលរួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផង ដើម្បីបុព្វហេតុបម្រើជាតិ និងការស្រឡាញ់ជាតិមាតុភូមិផងដែរ។

ជាមួយគ្នានោះ កម្មវិធីបណ្តុះបណ្តាលខាងលើនេះ ត្រូវបានអនុវត្តឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពីមន្ត្រីជំនាញកសិកម្ម និងមន្ត្រីជំនាញផ្នែកកសាងគម្របលេណដ្ឋាន។ទន្ទឹមនឹងនេះ ដើម្បីរួមចំណែកកសាងសង្គមជាតិមួយដ៏មានតម្លៃ និងពោរពេញដោយសក្តានុពល អគ្គនាយកដ្ឋានពន្ធនាគារអំពាវនាវដល់យុវជនទាំងអស់ ត្រូវជៀសវាងឱ្យដាច់ស្រឡះពី «អបាយមុខ» ទាំងឡាយ ព្រោះវាជាផ្លូវនៃក្តីវិនាស និងជាឧបសគ្គរាំងស្ទះដល់អនាគតដ៏ភ្លឺស្វាងរបស់យើង ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតែបន្តបោសសម្អាតឱ្យអស់ ដោយមិនត្រូវប្រលែងដៃឡើយ ចំពោះក្រុមក្មេងទំនើង៕ 


Khcct banner

អត្ថបទទាក់ទង