ភ្នំពេញ៖ កម្ពុជា-ឡាវ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទូតឡាវប្រចាំកម្ពុជា បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងកាន់តែសកម្មលើគ្រប់វិស័យ ដើម្បីជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជាការផ្លាស់ប្តូរប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ ការប្ដេជ្ញានេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Sonexay VANNAXAY ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំកម្ពុជា នាចុងខែឧសភា កន្លងទៅថ្មីៗនេះ។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ កន្លងមក។ ជាក់ស្ដែង រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បាន សម្រេចនូវកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា, រដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយឡាវ ក៏បានចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកក្នុងការងារគយ ដើម្បីជំរុញរំហូរទំនិញដោយសេរីរវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះ លោក Sonexay VANNAXAY ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ។
ភាគីទាំងពីរ កម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងកាន់តែសកម្មលើគ្រប់វិស័យ និងត្រៀមខ្លួនជានិច្ចក្នុងការឆ្លើយតបលើកិច្ចសហការទាំងឡាយ ដែលនឹងជំរុញដល់ ការអភិវឌ្ឍសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទំនាក់ទំនង និងការផ្លាស់ប្តូរលើគ្រប់វិស័យរវាងប្រជាជន និងប្រជាជននៃ ប្រទេសទាំងពីរ៕