ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាបន្តចូលរួមគាំទ្រយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ទៅតាមលទ្ធភាពរៀងៗខ្លួន ព្រោះ១ម៉ឺនរៀលនេះ អាចក្លាយជាឱសថ ជាឈាម ជាឧបករណ៍ពេទ្យ ឬជាកម្លាំងមួយ ដែលជួយឱ្យក្រុមគ្រូពេទ្យបន្តសង្គ្រោះជីវិតកុមារបានទាន់ពេលវេលា។
បើតាមសាររបស់លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លើកឡើងថា អស់រយៈពេលជាង ៣០ឆ្នាំមកហើយ មន្ទីរពេទ្យគន្ធបុប្ផា បានក្លាយជាទីកន្លែងនៃក្តីសង្ឃឹម សម្រាប់ទារក កុមារ និងស្ត្រីមានផ្ទៃពោះជាច្រើនលាននាក់នៅកម្ពុជា។ ចាប់តាំងពីឆ្នាំ១៩៩២ មក មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ និងព្យាបាលទារក កុមារ និងស្ត្រីមានផ្ទៃពោះ ជាង ២៧,៥ លាននាក់ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។
សម្រាប់ម្តាយឪពុកជាច្រើន គន្ធបុប្ផា មិនមែនគ្រាន់តែជាមន្ទីរពេទ្យទេ។ គន្ធបុប្ផា គឺជា “កន្លែងដែលទឹកភ្នែកនៃការព្រួយបារម្ភ អាចប្រែក្លាយជាស្នាមញញឹម”។ គឺជាកន្លែងដែលកូនតូចម្នាក់ អាចទទួលបានឱកាសរស់រានមានជីវិត និងត្រឡប់ទៅកាន់រង្វង់ដៃម្តាយឪពុកវិញដោយសុវត្ថិភាព។
លោកស្រីបណ្ឌិតបន្តថា ដើម្បីឱ្យបេសកកម្មដ៏ថ្លៃថ្លានេះអាចបន្តទៅមុខបាន មន្ទីរពេទ្យគន្ធបុប្ផា ត្រូវការថវិកាប្រមាណ ៤៥ លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ សម្រាប់បន្តផ្តល់សេវាពិនិត្យ ព្យាបាល និងសង្គ្រោះជីវិតកុមារកម្ពុជា។ ហេតុនេះហើយ ទើបមូលនិធិគន្ធបុប្ផាកម្ពុជា បានបន្តរៀបចំយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីអំពាវនាវដល់សប្បុរសជន ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ចូលរួមបរិច្ចាគតាមលទ្ធភាពរៀងៗខ្លួន ក្នុងស្មារតី “ខ្មែរជួយខ្មែរ”។
លោកស្រីបណ្ឌិតបញ្ជាក់ថា ការបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា មិនមែនគ្រាន់តែជាការបរិច្ចាគថវិកាប៉ុណ្ណោះទេ តែវាជាការចូលរួមសង្គ្រោះជីវិតកុមារ, ជាការចូលរួមជួយដល់ម្តាយឪពុកមួយគ្រួសារ ហើយក៏ជាការចូលរួមវិនិយោគលើអនាគតរបស់ប្រទេសជាតិផងដែរ។ លោកស្រីបានអំពាវនាវដល់ជនរួមជាតិ និងសប្បុរសជនទាំងអស់ បន្តចូលរួមគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ ទៅតាមលទ្ធភាពរៀងៗខ្លួន៕