ភ្នំពេញ៖ គិតមកដល់បច្ចុប្បន្ន ទំនិញកម្ពុជានៅតាមបណ្ដាផ្សារទំនើបធំៗមួយចំនួននៅទីប្រជុំជនធំៗនៃប្រទេសកម្ពុជា ត្រូវបានរកឃើញថាមានការកើនឡើងនៃការគាំទ្រប្រមាណពី ៣០% ទៅ៤០% ក្រោយពីប្រជាពលរដ្ឋកម្ពុជាពហិការឈប់ប្រើប្រាស់ទំនិញថៃចាប់តាំងពីថៃបើកការឈ្លានពានទឹកដីកម្ពុជា។ នេះជាការលើកឡើងរបស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មកកាន់ ស៊ីស៊ីថាមស៍។
លោក ប៉ែន សុវិជាតិ បានគូសបញ្ជាក់ថា ផលិតផលក្នុងស្រុក បានចាប់ផ្តើមមានឱកាសកាន់តែច្រើនក្នុងផ្សារទំនើបនានារបស់ប្រទេសកម្ពុជា ហើយបាននឹងកំពុងដើរតួនាទីជំនួសទំនិញថៃ ក្រោយពីប្រទេសនេះ បានបើកការឈ្លានពានដែនអធិបតេយ្យកម្ពុជា តាំងពីពាក់កណ្តាលឆ្នាំ២០២៥មក។ទំនិញភាគច្រើន គឺសម្ភារប្រើប្រាស់ប្រចាំថ្ងៃ អាហារសម្រន់ គ្រឿងទេសនានា។
បើតាមរបាយការណ៍ ការជ្រៀតចូលនៃផលិតផលជាតិទៅក្នុងទីផ្សារក្នុងស្រុកក្នុងត្រីមាសទី១ ឆ្នាំ២០២៦ មាន៤ផ្នែកធំៗដូចជា ១. ប្រភេទម្ហូបអាហារ៖ មី ប្រេងឆា ប្រេង និង ខ្លាញ់ដែលបានពីបន្ថែនិងសាច់ ទឹកដោះគោ ប្រហិតសាច់កែច្នៃ, ២. គ្រឿងទេស៖ ទឹកត្រី ទឹកស៊ីអ៊ីវ ប៊ីចេង ទឹកប្រេងខ្ចង ម្សៅស៊ុប គ្រឿងសម្ងួ ទឹកប្រហុក សាតេ, ៣. គ្រឿងប្រើប្រាស់ផ្ទាល់ខ្លួន៖ សាប៊ូដុសខ្លួន សាប៊ូបោកខោអាវ និងទឹកក្រអូប សាប៊ូលាងចាន ថ្នាំដុសធ្មេញ សាប៊ូកក់សក់ សាប៊ូស្រ្កាប់ធម្មជាតិ ប្រេងក្រអូប ឡេលាបដៃ និង ៤. ប្រភេទអាហារសម្រន់៖ នំកញ្ចប់ស្រួយៗ ទឹកផ្លែឈើ និង ទឹកតៅហ៊ូសុខភាព។
ជាមួយគ្នានេះ លោក ប៉ែន សុវិជាតិក៏បានបញ្ជាក់ថា ចំពោះទំនិញមួយចំនួនដែលនាំចូលពីថៃ តាមច្រកសមុទ្រ និងអាកាស ដែលកម្ពុជាមិនទាន់អាចជំនួសបានមានដូចជា គ្រឿងបន្លាស់រថយន្ត និង គ្រឿងបង្គុំធំៗ សម្រាប់បម្រើការឱ្យឧស្សាហកម្មបរទេសធំៗដែលកំពុងបើកដំណើរការនៅកម្ពុជា៕