កំពត៖ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ឧសភា ឆ្នាំ២០២៦ បានសម្រេចចោទប្រកាន់ មន្ត្រីនគរបាល មន្ត្រីកងអាវុធហត្ថ និងអ្នកពាក់ព័ន្ធ សរុប ៥៤នាក់ ក្រោយរកឃើញថា ពួកគេមានជាប់ពាក់ព័ន្ធចូលលួច «វត្ថុតាង» ក្នុងកាស៊ីណូ នៅព្រែកចាក ខេត្តកំពត។មន្ត្រីទាំងអស់នោះ ត្រូវបានតុលាការសម្រេចចោទប្រកាន់ជាច្រើនករណី។
យោងតាមបណ្តាញសង្គមហ្វេកប៊ុកផ្លូវការ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបង្ហោះផ្សព្វផ្សាយរូបភាពមន្ត្រីពាក់ព័ន្ធជាសាធារណៈចំនួន ៣២នាក់ និងអ្នកទទួលផល ៤នាក់ ដែលបានសមគំនិតគ្នាចូលលួច វត្ថុតាង Online Scam ក្នុងកាស៊ីណូ នៅព្រែកចាក ខេត្តកំពត។
បើតាមស្នងការនគរបាលខេត្តកំពត អះអាងថា មន្ត្រី និង អ្នកពាក់ព័ន្ធទាំងអស់នោះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ចោទប្រកាន់ពី បទផ្តើមគំនិត សមគំនិត ក្នុងបទលួចដោយមានស្ថានទម្ងន់ទោស និងបទលុបបំបាត់ភស្តុតាង បទលួចដោយមានស្ថានទម្ងន់ទោស និង បទលុបបំបាត់ភស្តុតាង និង បទទទួលផលចោរកម្ម តាមបញ្ញត្តិមាត្រា ២៨ មាត្រា២៩ មាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៣៩៩ មាត្រា ៤០០ និងមាត្រា ៥៣៣ នៃក្រមព្រហ្មទណ្ឌ។
បន្ថែមពីនេះ លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានប្រាប់ ស៊ីស៊ីថាមស៍ ករណីខាងលើនេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទអ្នកពាក់ព័ន្ធសរុបកើនឡើងដល់ ៥៤នាក់ ដូចបទចោទខាងលើ។
គួរបញ្ជាក់ថា ថ្មីនេះ មហាជនខ្មែរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីទទួលបានព័ត៌មានថា មានមន្ត្រីនគរបាល និងមន្ត្រីកងអាវុធហត្ថ បានគប់គិតគ្នា កាត់សៀលចូលលួចសម្ភារ ជាវត្ថុតាងក្នុងកាស៊ីណូនៅតំបន់ព្រែកចាក ក្រោយបង្ក្រាប Scam Online។មហាជនខ្មែរបានទទួចឱ្យអាជ្ញាធរ តុលាការ ត្រូវបានតែតម្លាភាពចំពោះករណីនេះ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបោសសំអាត Online Scam ដើម្បីស្តារមុខមាត់ជាតិ៕