ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី ៣០ ឧសភាម្សិលមិញ បានបន្តចេញការតវ៉ាជាផ្លូវការប្រឆាំង នឹងការបន្តរំលោភបំពានរបស់ភាគីថៃមកលើអធិបតេយ្យ និង បូរណភាពទឹកដីរបស់កម្ពុជា នៅក្នុងតំបន់ដែលកងទ័ពថៃ បានកាន់កាប់ដោយខុសច្បាប់ ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ការតវ៉ានេះ ធ្វើឡើងក្រោយពីកម្ពុជារកឃើញថា ក្រុមយោធាថៃ បន្តការសាងសង់ព្រះពុទ្ធបដិមាយ៉ាងតិចចំនួន ៣៦អង្គ នៅទីតាំងមួយចំនួនក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ ព្រមទាំងការដំឡើងបង្គោលទង់ជាតិចំនួន២ នៅក្នុងខេត្តព្រះវិហារ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេសកម្ពុជា បានពិនិត្យឃើញថា បន្ទាប់ពីបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងយោធាថៃ បន្តពង្រឹងការគ្រប់គ្រង និងការកាន់កាប់ដោយខុសច្បាប់លើទឹកដីកម្ពុជា តាមរយៈការសាងសង់សំណង់អចិន្ត្រៃយ៍នានា ដូចជា ផ្លូវ ព្រះពុទ្ធបដិមាធំៗ ការដំឡើង និង ពង្រឹងរបាំងបិទផ្លូវដោយប្រើទូកុងតឺន័រ និង បន្លាលួស ការសាងសង់បង្គោល ទង់ជាតិនៅទីតាំងមួយចំនួន ព្រមទាំងការរៀបចំសកម្មភាពវប្បធម៌ និងទេសចរណ៍ផ្សេងៗ។
កម្ពុជា ចាត់ទុកសកម្មភាពទាំងនេះ គឺវាផ្ទុយ យ៉ាងច្បាស់ទៅនឹងវិធានការដែលចែងនៅក្នុងចំណុចរ៉ូម៉ាំង I នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសក្នុងចំណុចទី២ និង ទី៣ ហើយកម្ពុជាបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ខ្សែព្រំដែនតាមរយៈការប្រើប្រាស់ កម្លាំងជាដាច់ខាត ឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះទេ ហើយសកម្មភាពដូចបាន រៀបរាប់ខាងលើនឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជា ទាក់ទង នឹងព្រំដែនអន្តរជាតិរបស់ខ្លួននោះឡើយ៕