ខេត្តពោធិ៍សាត់៖ ខេត្តពោធិ៍សាត់ ត្រៀមស្វាគមន៍គម្រោងសាងសង់«ស្ថានីយ៍ថាមពលដើរដោយពន្លឺព្រះអាទិត្យ»អានុភាព៣៥០មេហ្កាវ៉ាត់បន្ថែមទៀត ស្ថិតនៅភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ក្នុងនោះក៏មានស្ថានីយស្តុកថាមពលដោយអាគុយ២០០មេហ្កាវ៉ាត់ផងដែរ។ គម្រោងនេះត្រូវបានលើកឡើងក្នុងឱកាសសម្តេច ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត ពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។
បើតាមរបាយការណ៍របស់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ខេត្តពោធិ៍សាត់ គឺជាខេត្តមួយក្នុងចំណោមរាជធានីខេត្តទាំង២៥ ស្ថិតនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ ១៨៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ខេត្តទទួលបាននូវសមិទ្ធផលសំខាន់ៗជាច្រើនសម្រាប់បម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋ។ ក្នុងនោះទាក់ទងទៅនឹងវិស័យថាមពល ខេត្តពោធិ៍សាត់ មានវារីអគ្គិសនី៣កន្លែង,ទី១ដែលមានអានុភាព១២០មេហ្កាវ៉ាត់ស្ថិតនៅស្ទឹងអាតៃ,ទី២មានអានុភាព៨០មេហ្កាវ៉ាត់ ស្ថិតនៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយស្រុកវាលវែង(ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់តេជោ ហ៊ុន សែន) និងទី៣អានុភាព១៥០មេហ្កាវ៉ាត់ដែលកំពុងសាងសង់គឺវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ និងវារីអគ្គិសនីស្ទឹងមេទឹកស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដាស្រុកវាលវែង។
ជាមួយគ្នានេះខេត្តពោធិ៍សាត់មានស្ថានីយ៍ថាមពលដើរដោយពន្លឺព្រះអាទិត្យនៅស្រុកក្រគរដែលមានអានុភាពផលិតអគ្គិសនីបាន២៤០មេហ្កាវ៉ាត់កំពុងដំណើរការ និងគ្រោងសាងសង់ស្ថានីយ៍ថាមពលដើរដោយពន្លឺព្រះអាទិត្យមានអានុភាព៣៥០មេហ្កាវ៉ាត់បន្ថែមទៀតស្ថិតនៅភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ក្នុងនោះក៏មានស្ថានីយស្តុកថាមពលដោយអាគុយ២០០មេហ្កាវ៉ាត់ផងដែរ។
របាយការណ៍ក៏បានបញ្ជាក់ថា ចំពោះវិស័យឧស្សាហកម្មវិញ ខេត្តនេះមានរោងចក្រសហគ្រាសជាច្រើនកន្លែងដូចជា រោងចក្រដំឡើងរថយន្តហ្វ័ត(Ford)រោងចក្រផលិតគ្រឿងបង្គុំអគ្គិសនី និងអេឡិចត្រូនិក រោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រផលិតទឹកស្អាត និងសហគ្រាសមួយចំនួនទៀតដែលអាចស្រូបយកកម្លាំងពលកម្មប្រមាណ១៥៨១៥នាក់៕