ភ្នំពេញ៖ គណៈប្រតិភូវិទ្យាស្ថាន Haikou Silk Road Academy of Social Sciences នៃសាធារណរដ្ឋប្រជាមានិតចិន បង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស ឡូជីស្ទីក កម្មន្តសាល និងវិស័យកសិកម្ម ពិសេសការដាំដុះនិងកែច្នៃផលិតផលកសិកម្ម ដែលជាវិស័យមានសក្តានុពលគួរឱ្យកត់សម្គាល់នៅកម្ពុជា។ ចំណាប់អារម្មណ៍នេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។
នាឱកាសនេះ លោក នុត អ៊ុនវ័ណរ៉ា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ ដែលបានបំពេញទស្សនកិច្ចផ្ទាល់នៅកម្ពុជា ដើម្បីស្វែងយល់ពីឱកាសវិនិយោគ ជាពិសេសលើការអភិវឌ្ឍវិស័យកសិកម្ម កិច្ចសហប្រតិបត្តិការទាក់ទងនឹងការវិនិយោគផ្ទាល់នៅក្រៅប្រទេស (ODI) រវាងខេត្តហៃណាន និងកម្ពុជា ព្រមទាំងនីតិវិធីនៃការចុះបញ្ជីគម្រោងមានលក្ខណៈគ្រប់គ្រាន់ (QIP)។
បន្ថែមលើនេះ លោក នុត អ៊ុនវ័ណរ៉ា បានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រនានា ព្រមទាំងលើកទឹកចិត្តដល់គណៈប្រតិភូឱ្យពន្លឿនការសិក្សា និងអនុវត្តគម្រោងរបស់ខ្លួនឱ្យលេចចេញជារូបរាងក្នុងពេលឆាប់ៗ ដើម្បីចាប់យកកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម និងវិស័យពាក់ព័ន្ធ ដែលកំពុងមានសក្តានុពលខ្ពស់។
ជាមួយគ្នានេះ គណៈប្រតិភូវិទ្យាស្ថានខាងលើ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស ឡូជីស្ទីក កម្មន្តសាល និងវិស័យកសិកម្ម ពិសេសការដាំដុះនិងកែច្នៃផលិតផលកសិកម្ម ដែលជាវិស័យមានសក្តានុពលគួរឱ្យកត់សម្គាល់នៅកម្ពុជា ព្រមទាំងបានអះអាងពីការប្តេជ្ញាចិត្តក្នុងការសហការជិតស្និទ្ធជាមួយ ក.អ.ក និងភាគីពាក់ព័ន្ធ ដើម្បីជំរុញគម្រោងកិច្ចសហប្រតិបត្តិការទាំងនេះឱ្យទទួលបានជោគជ័យ៕