ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាលកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) ជាមួយតំណាងស្ថានទូត នៃប្រទេសលុចសំបួប្រចាំកម្ពុជា និងប្រទេសឡាវ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យសុខាភិបាលនៅភាគឦសានកម្ពុជា។ ការចុះMoUនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។
នាឱកាសនោះ លោកសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសលុចសំបួ ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្មដល់វិស័យសុខាភិបាលកម្ពុជា និងសុខុមាលភាពប្រជាជន។ លោកសាស្រ្តាចារ្យបានគូសបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាសមិទ្ធផល ដ៏សំខាន់មួយ ក្នុងការរឹតចំណងភាពជាដៃគូរវាងប្រទេសទាំងពីរ ដោយផ្អែកលើស្មារតីនៃកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការទូទៅ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ និងស្តែងឱ្យឃើញពីការប្តេជ្ញាចិត្តរួមក្នុងការប្រែក្លាយចក្ខុវិស័យឱ្យទៅជាសកម្មភាពអនុវត្តជាក់ស្តែង។
ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះ ផ្តោតលើការគាំទ្រអាទិភាពសំខាន់ៗ ចំនួន៥ រួមមាន៖ ១) ការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ២) ការគាំទ្រសម្ភារបរិក្ខារពេទ្យ ៣) ការគាំទ្រហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ៤) សុខភាពបន្តពូជ មាតា ទារក និងកុមារ (RMNCH) ៥) ការផ្តល់ឈាម ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់លើតំបន់ដាច់ស្រយាល និងខេត្តភូមិភាគឦសាន រួមមានខេត្តស្ទឹងត្រែង និងខេត្តរតនគិរី។
ពិធីចុះហត្ថលេខា និងកិច្ចពិភាក្សាបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ដោយភាគីទាំងពីរបានផ្លាស់ប្តូរឯកសារ MoU ក្នុងស្មារតីប្តេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលរវាងកម្ពុជា និងលុចសំបួ ឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ នេះបើតាមក្រសួងសុខាផិបាល៕