ភ្នំពេញ៖ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ទីក្រុងភ្នំពេញ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហោស្រពសិល្បៈទស្សនីយភាព GOLDEN (r)AGE ជាផ្លូវការលើកដំបូង ដោយមានការសម្តែងស្នាដៃច្នៃប្រឌិតថ្មីចំនួន ១៣ នៅតាមទីតាំងចំនួន ៧ ផ្សេងៗគ្នា ពីសំណាក់សិល្បករ-សិល្បការិនី មកពីប្រទេសកម្ពុជា បារាំង និងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី។
មហោស្រពសិល្បៈល្ខោន និងរបាំសម័យនេះ រៀបចំឡើងដោយ The Last Stage ហើយបានក្លាយជាព្រឹត្តិការណ៍សិល្បៈទស្សនីយភាពដ៏សំខាន់ និងមិនអាចរំលងបាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ វិទ្យាស្ថានបារាំងនៅកម្ពុជា គឺជាដៃគូសហការតាំងពីការរៀបចំសាកល្បង «លើកទី ០» ក្នុងឆ្នាំ២០២៥ មកម្ល៉េះ ហើយក៏ជាសហផលិតករនៃព្រឹត្តិការណ៍នេះផងដែរ។
ក្នុងនាមជាមហោស្រពសិល្បៈល្ខោនសហសម័យដំបូងបង្អស់នៅកម្ពុជា មហោស្រពសិល្បៈទស្សនីយភាព GOLDEN (r)AGE បានចាប់កំណើតឡើងពីបំណងប្រាថ្នាចង់បង្ហាញជូនសាធារណជននូវទេពកោសល្យរបស់សិល្បករ-សិល្បការិនី កម្ពុជាជំនាន់ថ្មី ដែលទទួលបានការបណ្តុះបណ្តាលនៅសាលា The Last Stage។
បន្ទាប់ពីការសាកល្បងក្នុង «ឆ្នាំទី ០» នៅឆ្នាំ២០២៥ ព្រឹត្តិការណ៍នេះ បានឈានចូលដល់ទម្រង់ពេញលេញ និងប្រកបដោយមហិច្ឆតា នៅឆ្នាំក្នុង២០២៦នេះ ដោយមានការសម្តែងចំនួន ១៣ នៅតាមទីតាំងចំនួន ៧ (រួមមាន The Last Stage Riverside, The Last Stage Aquation, Factory Phnom Penh, សាលមហោស្រពចេនឡា, វិទ្យាស្ថានបារាំងនៅកម្ពុជា, មជ្ឈមណ្ឌល Friends Futures Factory F3 និងសារមន្ទីរសសរ)។
ការរៀបចំឡើងដោយសាលា The Last Stage / Acting Art Academy មហោស្រពនេះ សបញ្ជាក់ឱ្យឃើញពីភាពរស់រវើកនៃវិស័យសិល្បៈសម្តែងសហសម័យរបស់កម្ពុជា ដែលកំពុងតែរីកចម្រើនលូតលាស់យ៉ាងខ្លាំង ដែលជំរុញដោយសិល្បករ-សិល្បការិនីនានា ដែលចោទសួរពីអត្តសញ្ញាណ ប្រវត្តិសាស្ត្រ និងទំនាក់ទំនងរបស់ពួកគេទៅកាន់ពិភពលោក តាមរយៈភាសាសម្តែងបែបសហសម័យយ៉ាងពិតប្រាកដ។ ស្នាដៃនានាភាគច្រើនក្នុងកម្មវិធីមហោស្រព ត្រូវបានបង្ហាញជាភាសាខ្មែរ និងមានអក្សររត់ពីក្រោមជាភាសាបារាំង និងភាសាអង់គ្លេស។
វិទ្យាស្ថានបារាំងបានគាំទ្រមហោស្រព GOLDEN (r)AGE តាំងពីដើមដំបូងមកម្ល៉េះ ទាំងផ្នែកហិរញ្ញវត្ថុ ក្នុងក្របខណ្ឌនៃគម្រោង PICC « សំឡេងនៃឆាកសិល្បៈ » (Les Voix de la scène) ដែលទទួលបានការឧបត្ថម្ភពីវិទ្យាស្ថានបារាំងនៅទីក្រុងប៉ារីស និងទាំងផ្នែកសិល្បៈ ដោយបានចូលរួមសហការផលិតរួមគ្នានូវស្នាដៃច្នៃប្រឌិតថ្មីចំនួន ៣ ក្នុងចំណោមស្នាដៃសម្តែងទាំង ១៣ នៅក្នុងកម្មវិធីមហោស្រព។ ការប្តេជ្ញាចិត្តនេះ បានសបញ្ជាក់យ៉ាងច្បាស់ពីបេសកកម្មរបស់វិទ្យាស្ថានបារាំង ពោលគឺការបង្កើតលក្ខខណ្ឌអំណោយផលនានា សម្រាប់កិច្ចសន្ទនាសិល្បៈប្រកបដោយនិរន្តរភាពរវាងកម្ពុជា និងឆាកអន្តរជាតិ។
តាមរយៈការចូលរួមសហការផលិតរួមគ្នានូវស្នាដៃទាំងនេះ វិទ្យាស្ថានបារាំងមិនត្រឹមតែគាំទ្រដល់ការសម្តែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងវិនិយោគលើការជួបជុំភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងមនុស្ស នៅក្នុងភាសាសិល្បៈដែលត្រូវបានបង្កើតឡើងរួមគ្នា រវាងអ្នកដឹកនាំឆាកជនជាតិបារាំង និងសិល្បករ-សិល្បការិនីខ្មែរ។ គឺសហថាមពលនេះហើយ ដែលជួយឱ្យសំឡេងនៃសិល្បករ-សិល្បការិនីជំនាន់ថ្មីរបស់កម្ពុជា អាចឈានជើងចូលទៅក្នុងបណ្តាញអន្តរជាតិប្រកបដោយនិរន្តរភាព។
កាលវិភាគលម្អិតនៃមហោស្រព