681 ezgif.com resize
Swift cc time

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រើនរម្លឹកដល់អភិបាល និងស្នងការខេត្តមណ្ឌលគិរីថ្មី ត្រូវបន្តបោសសម្អាត Online Scams

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

មណ្ឌលគិរី៖ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី ២៨ ខែឧសភា បានណែនាំលោកអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្តមណ្ឌលគិរីដែលទើបចូលកាន់តំណែង ត្រូវបន្តយកចិត្តទុកដាក់ ពិសេសការងារបោសសម្អាត Online Scams ក្រោយពីថ្មីៗនេះ សម្តេច ហ៊ុន ម៉ាណែត ទើបតែសម្រេចបញ្ចប់តំណែង ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីរួច។ ការប្រកាសនេះ ធ្វើឡើងកំឡុងពេលលោក ស សុខា បានចូលរួមពិធីប្រកាស លោក គង់ គឹមនី ជាអភិបាលខេត្តមណ្ឌលគិរី និងលោកវរសេនីយ៍ឯក ជា ចិត្រា ជាស្នងការខេត្តមណ្ឌលគិរី។

កំឡុងពេលនោះ លោក ស សុខា បានមានប្រសាសន៍ណែនាំ លោកអភិបាលខេត្ត និងលោកស្នងការនគរបាលខេត្តមណ្ឌលគិរី ដែលទើបចូលកាន់តំណែង និងក៏ដូចគ្នាដែរអភិបាល រាជធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ ជាអាទិ៍ អនុវត្តអនុក្រឹត្យលេខ០៣ បទបញ្ជាលេខ០១ និងជាពិសេស គឺច្បាប់ស្ដីពីការប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

លោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ថា ការប្រកាសចូលកាន់មុខតំណែងនេះ គឺជាការអនុវត្តស្របតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល និងស្របទៅតាមតម្រូវការចាំបាច់។ លោកបញ្ជាក់ទៀតថា ការផ្លាស់ប្ដូរនេះ គឺជារឿងធម្មតាក្នុងជីវភាពមន្ត្រីរាជការ ក្នុងគោលដៅធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាពជាងមុន លើការដឹកនាំ គ្រប់គ្រង ការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ តាមរយៈការរួមចំណែកអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ឧសភាថ្មីៗនេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចប់តំណែងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។ កាលពីម្សិលមិញនេះ លោក គង់ គឹមនី ត្រូវបានឡើងជាអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោកវរសេនីយ៍ឯក ជា ចិត្រា ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីវិញ៕

Khcct banner

អត្ថបទទាក់ទង