681 ezgif.com resize
Swift cc time

អាម៉េរិក ចាត់ទុកការលើកលែងទោសលើ លោក កឹម សុខា ជា«វិវឌ្ឍវិជ្ជមាន»នៃនយោបាយនៅកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សហរដ្ឋអាម៉េរិក នៅថ្ងៃទី ២៩ ឧសភានេះ បានចេញសារប្រកាស ស្វាគមន៍ពីដំណឹងនៃការលើកលែងទោសលើ លោក កឹម សុខា ប្រធានអតីតគណបក្សប្រឆាំងនៅកម្ពុជា និង បានចាត់ទុកថា គឺជាការវិវឌ្ឍវិជ្ជមានមួយនៃនយោបាយក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

យោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា អាម៉េរិក ស្វាគមន៍ពីដំណឹងនៃការដោះលែង លោក កឹម សុខា ខណៈដែលប្រទេសនេះ តែងបានអំពាវនាវជាបន្តបន្ទាប់ឱ្យមានការដោះលែង លោក កឹម សុខា ហើយបានរក្សាជំហរថា ការផ្តន្ទាទោសរបស់លោកដែលពាក់ព័ន្ធនឹងការអះអាងអំពីការចូលរួមរបស់អាម៉េរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា គឺគ្មានមូលដ្ឋាន។ 

តែយ៉ាងណា អាម៉េរិក បានចាត់ទុក ការដោះលែងរបស់លោក កឹម សុខាពេលេនះ គឺជាការវិវឌ្ឍវិជ្ជមានមួយ ហើយអាម៉េរិកនឹងបន្តលើកទឹកចិត្តដល់រដ្ឋាភិបាលកម្ពុជា ឱ្យធានាថា ពលរដ្ឋរបស់ខ្លួនអាចអនុវត្តសិទ្ធិ ក្នុងការជួបប្រជុំដោយសន្តិវិធី និង សេរីភាពក្នុងការបញ្ចេញមតិបានដោយសេរី។

លោក កឹម សុខា អតីតមេបក្សប្រឆាំងនៅកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចហ៊ុន សែន បានចេញព្រះរាជក្រឹត្យលើកលែងទោសពាក់ព័ន្ធ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២៧ឆ្នាំ។

លោក កឹម សុខា កាលពី​រំលង​អាធាត្រ ឈាន​ចូល​ថ្ងៃទី ០៣ កញ្ញា ឆ្នាំ២០១៧ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ពី​បទ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល។លោកត្រូវបានតុលាការផ្តន្ទាទោសពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ មុននឹងទទួលបានការលើកលែងទោស លោកត្រូវបានសាលាឧទ្ធរណ៍ សម្រេចតម្កល់សាលក្រមសាលាដំបូង និង ផ្តន្ទាទោសបន្ថែមដោយហាមឃាត់មិនឱ្យចេញក្រៅប្រទេសរយៈពេល ៥ឆ្នាំ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦៕


Khcct banner

អត្ថបទទាក់ទង