681 ezgif.com resize
Swift cc time

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បដិសេធការផ្សាយបំភ្លៃថា កម្ពុជាហាមឃាត់ជនបរទេសអាយុក្រោម៤០ឆ្នាំ មិនឲ្យចូលប្រទេស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី ២៦ ឧសភា បានប្រកាសច្រានចោលទាំងស្រុងនូវការផ្សាយព័ត៌មានមិនពិត ដែលថា មន្ត្រីនគរបាលអន្តោប្រវេសន៍កម្ពុជា បិទការចូលប្រទេសទាំងស្រុង ជាបណ្តោះអាសន្ន ហើយច្រកព្រំដែនគោកក៏នឹងត្រូវរឹតបន្តឹង ខ្លាំងដូចគ្នា ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ និងហាមឃាត់ជនបរទេសអាយុក្រោម ៤០ឆ្នាំ មិនឲ្យចូលប្រទេស។

គួរបញ្ជាក់ថា ថ្មីៗនេះមានការចុះផ្សាយ ជាភាសាចិន នៅលើបណ្តាញសង្គម We Chat ក្រោមចំណងជើងថា " អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ បិទការចូលប្រទេសទាំងស្រុងជាបណ្តោះអាសន្ន ហើយច្រកព្រំដែនគោកក៏នឹងត្រូវរឹតបន្តឹង ខ្លាំងដូចគ្នា ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។ក្នុងខ្លឹមសារនៃអត្ថបទបន្ថែមទៀតថា បុគ្គលអាយុក្រោម ៤០ឆ្នាំទាំងអស់ ត្រូវបដិសេធមិនឲ្យចូលប្រទេស មិនថាប្រុស ឬស្រី ទោះមានទិដ្ឋាការ ឬឯកសារអាជីវកម្មក៏ដោយ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិតខាងលើ ហើយមន្ត្រីនគរបាល អន្តោប្រវេសន៍ មិនដែលទទួលបានគោលការណ៍ណែនាំពីថ្នាក់ដឹកនាំណាមួយ ក្នុងការរឹតបន្តឹងហាមឃាត់ មនុស្សដែលមានអាយុក្រោម៤០ឆ្នាំមិនអោយចូលមកប្រទេសកម្ពុជានោះទេ។

បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បច្ចុប្បន្នអនុវត្តតាមគោលរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការរឹតបន្តឹងការចូលប្រទេសរបស់ជន បរទេសមកកម្ពុជា ត្រូវបានអនុវត្តតាមវិធានការសុវត្ថិភាព និង ការពង្រឹងការគ្រប់គ្រង ជនបរទេស ក្នុងគោលបំណងទប់ស្កាត់ការជ្រៀតចូលដោយខុសច្បាប់របស់ជនបរទេសតែប៉ុណ្ណោះ។ ចំពោះភ្ញៀវទេសចរបរទេស សមាគមន៍អ្នកវិនិយោគ អាជីវករ ពាណិជ្ជករ និងពលករបរទេស នៅតែទទួលបាន ការគាំពារការលើក ទឹកចិត្តក្នុងការចូលមកកម្ពុជា គឺមិនមានការបិទការធ្វើដំណើរចេញ- ចូលដូចការលើកឡើងរបស់សារព័ត៌មានខាងលើទេ។

ចំពោះនៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិសំខាន់ៗ ទាំងផ្លូវអាកាស និងផ្លូវគោក គឺនៅបន្តបែបបទនៃការ ចូល-ចេញ ប្រទេសជាធម្មតា មិនមានការផ្លាស់ប្តូរណាមួយឡើយ។នេះបើយោងតាមការបន្ថែមពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕

Khcct banner

អត្ថបទទាក់ទង