ព្រះសីហនុ៖ កងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំឆ្មក់ចូល កាស៊ីណូយីងហ័ង ស្ថិតក្នុងក្រុងព្រះសីហនុ ក្រោយសង្ស័យពាក់ព័ន្ធ Online Scams។ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ៦៦ នាក់ ជាជនជាតិចិន ហើយក្នុងចំណោម៦៦នាក់នោះ គឺមានចំនួន ២នាក់ ជាមេខ្លោង ហើយថែមទាំងធ្លាប់ជាប់ពន្ធនាគារនៅកម្ពុជាទៀតផង។
យោងតាមប្រភពដែល ស៊ីស៊ីថាមស៍ ទទួលបាន បានឱ្យដឹងថា ក្នុងចំណោមអ្នកត្រូវបានចាប់ខ្លួន មានជនជាតិចិន ៣ នាក់ ចាត់ទុកជាមេខ្លោងសំខាន់នៃបណ្តាញនេះ ក្នុងនោះមានដូចជា៖ Deng Bing អាយុ ៣៦ ឆ្នាំ ជាម្ចាស់កាស៊ីណូ, Deng Hui អាយុ ៣៩ ឆ្នាំ ជាបងប្រុសបង្កើតរបស់ Deng Bing បងប្អូនពីរនាក់នេះជាមុខសញ្ញាសមត្ថកិច្ចចិន កំពុងតាមចាប់ខ្លួន។ ចំណែក Wang Yu អាយុ ៣៣ ឆ្នាំ គឺជាអ្នកគ្រប់គ្រងកាស៊ីណូ និង ជាបក្ខពួកជិតស្និទ្ធរបស់បងប្អូនត្រកូល Deng។
បើតាមប្រភពដដែល ក្រុមនេះត្រូវបានសង្ស័យថា បានធ្វើសកម្មភាព នៅក្រុងព្រះសីហនុ ជាយូរមកហើយ ដោយពាក់ព័ន្ធនឹងករណី ចាប់ជំរិត ឃុំខ្លួនខុសច្បាប់ ជួញដូរមនុស្ស និង អំពើហិង្សា ជាច្រើនករណី ភាគច្រើនមានជនជាតិចិន ជាជនរងគ្រោះ។តែអ្វីគួរឱ្យភ្ញាក់ផ្អើលនោះ គឺមេខ្លោងសំខាន់ៗក្នុងសំណុំរឿងនេះ មានចំនួន២នាក់ គឺធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើសនៅប្រទេសកម្ពុជា ក្នុងនោះមាន Wang Yu ធ្លាប់ត្រូវបានតុលាការកម្ពុជាផ្តន្ទាទោស ក្នុងឆ្នាំ២០២៤ ពីបទឃុំឃាំង និង បង្ខាំងមនុស្សដោយខុសច្បាប់ និង Deng Hui ក៏ធ្លាប់ជាប់ពន្ធនាគារ កាលពីខែកក្កដា ឆ្នាំ២០២៤ ពីបទពាក់ព័ន្ធនឹងការកាន់កាប់អាវុធខុសច្បាប់ និង គ្រឿងញៀន។
បើទោះបីជាធ្លាប់ជាប់ពន្ធនាគារនៅកម្ពុជាក៏ដោយ ក្រុមនេះបានវិលត្រឡប់មកប្រព្រឹត្តបទល្មើសសាជាថ្មី ក្រោយការដោះលែងក្នុងរយៈពេលមិនដល់ពីរឆ្នាំផង។ គួរឱ្យកត់សម្គាល់ថា បន្ទាប់ពីអនុវត្តទោសរួច ពួកគេមិនត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជានោះទេ។ ប្រភពដដែលបានឱ្យដឹងថា ក្រុមនេះត្រូវបានសង្ស័យថាបានបន្តបង្កើត និង ដំណើរការបណ្តាញឧក្រិដ្ឋកម្មថ្មី នៅក្នុងកាស៊ីណូយីងហ័ង ដោយពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ ការចាប់ជំរិត ការឃុំខ្លួនខុសច្បាប់ និង បទល្មើសធ្ងន់ធ្ងរផ្សេងៗទៀត។
ក្រោយពីស្រាវជ្រាវ និងក្តាប់បានព័ត៌មានសម្ងាត់យ៉ាងច្បាស់លាស់ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ នៅរសៀលថ្ងៃទី ២៣ ឧសភា ឆ្នាំ២០២៦ ឆ្មក់ចូល កាស៊ីណូយីងហ័ង ក្រុងព្រះសីហនុ ដើម្បីបង្ក្រាបបណ្តាញឧក្រិដ្ឋកម្ម សង្ស័យពាក់ព័ន្ធ Online Scams។កម្លាំងអាវុធហត្ថ បានរឹបអូស កុំព្យូទ័រ ៦២ គ្រឿង ទូរស័ព្ទដៃ ៤២៨ គ្រឿង កាំភ្លើងខ្លី GLOCK 19 មួយដើម គ្រាប់រំសេវ និង វត្ថុតាងជាច្រើនទៀត។
បច្ចុប្បន្ន មេខ្លោងសំខាន់ រួមមានបងប្អូនត្រកូល Deng និង Wang Yu ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាថ្មី ខណៈជនសង្ស័យ ៦៣ នាក់ផ្សេងទៀត កំពុងស្ថិតក្រោមការស៊ើបអង្កេតបន្តរបស់កងរាជអាវុធហត្ថ៕