
ភ្នំពេញ៖ រដ្ឋាភិបាលចិនបានផ្តល់ថវិកា៥ម៉ឺនដុល្លារអាមេរិក ជូនអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រាប់បង្កើតបណ្ណាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន នេះបើតាមការចេញផ្សាយ របស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (NACD) កាលពីថ្ងៃទី២៧ ធ្នូ ២០២០ ម្សិលមិញ។
ការផ្តល់ជូននេះធ្វើឡើង ក្រោយពេលមានជំនួបរវាងថ្នាក់ដឹកនាំចិន ជាមួយសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន នាពេលកន្លង ហើយថ្នាក់ដឹកនាំយើងបានឯកភាពជួយផ្តល់ការគាំទ្រដល់ការបង្កើតបណ្ណាល័យឌីជីតាល់ដ៏មានសារៈសំខាន់នេះ។
ថ្មីៗនេះ ក៏មានជំនួបពិភាក្សាស្តីពីការបង្កើតបណ្ណាល័យឌីជីតាល់ប្រឆាំងគ្រឿងញៀនសម្រាប់ពង្រីកការងារផ្សព្វផ្សាយ ពីបញ្ហាគ្រឿងញៀនឱ្យបានកាន់តែទូលំទូលាយតាមប្រព័ន្ធបច្ចេកវិទ្យា រវាងលោកជំទាវបណ្ឌិតសឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា តំណាងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាផងដែរ៕