ខេត្តកណ្ដាល៖ លោកបណ្ឌិត កៅ ថាច បានជួបសំណេះសំណាល និងសួរសុខទុក្ខកសិករ ចំនួន២២១នាក់នៅក្រុង តាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ដើម្បីផ្តល់អនុសាសន៍នានាក្នុងគោលដៅលើកកម្ពស់ជីវភាពកសិករឱ្យកាន់តែប្រសើរឡើង និងផ្សព្វផ្សាយពីសមាគមបណ្តាញកសិករតេជោដល់កសិករស្តីអំពីវិស័យកសិកម្ម ទីផ្សារ និងអភិវឌ្ឍជន៍បទ។
នាឱកាសនោះ លោកបណ្ឌិត កៅ ថាច បានបញ្ជាក់ជូនកសិករនៅក្រុងតាខ្មៅ ខេត្តកណ្តាលថា ការជួបជុំថ្ងៃនេះក្នុងនាមជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មផង និងជាប្រធានសមាគមបណ្តាញកសិករតេជោ ដែលតួនាទីទាំងពីរ ដើរទន្ទឹមគ្នា ជាពិសេសចង់ឃើញជីវភាពកសិករកាន់តែប្រសើរឡើង និងការផ្សព្វផ្សាយពីសមាគមបណ្តាញកសិករតេជោដល់កសិករស្តីអំពីវិស័យកសិកម្ម ទីផ្សារ និងអភិវឌ្ឍជន៍បទផងដែរ។
លោកបណ្ឌិតបានលើកឡើងបន្តថា បើប្រទេសមួយអត់កសិកម្ម អសន្តិសុខស្បៀងនឹងកើតឡើងដែរ ព្រោះស្បៀងជាតម្រូវការមូលដ្ឋានរបស់មនុស្សលោក។ ជាក់ស្តែងកសិករនៅក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបន្តធ្វើកសិកម្មគ្រប់ប្រភេទទៀត ដូចជា ការដាំដុះបន្លែ ចិញ្ចឹម សត្វ និងការកែច្នៃ ដោយផ្តោតលើបច្ចេកទេស និងទីផ្សារ។
លោកបន្ថែមថា«ដោយសារតែកសិកម្មសម័យនេះ គឺខុសពី៥០០ឆ្នាំមុនដែលកសិករយើងប្រើនង្គ័លសម្រាប់ភ្ជួរស្រែ ប៉ុន្តែកសិកម្មសម័យថ្មីគេ ប្រើគ្រឿងយន្តកសិកម្មទំនើបៗដោយ ប្រើប្រាស់ជីគីមី ដើម្បីបានផលច្រើន នឹងឥឡូវនេះបានឈានដល់ការប្រើប្រាស់ជីធម្មជាតិជំនួសជីគីមីវិញម្តង»។
ជាក់ស្តែង សមាគមបណ្តាញកសិករតេជោវិញ នឹងធ្វើជាឆ័ត្រសម្រាប់កសិករជ្រកគឺជារួម ចូលរួមការពារភាពត្រឹមត្រូវឬស្របច្បាប់របស់កសិករ ឬការពារពីការំលោភបំពាន កេងចំណេញលើកសិករ និងធ្វើជាស្ពានដើរឬភ្ជាប់ទៅនឹងឱកាសផ្សេងៗ ដូចជាឱកាសទទួលបានបច្ចេកទេស និងព័ត៌មានទីផ្សារ ជាពិសេសជាស្ពានក្នុងតភ្ជាប់សម្លេងរបស់កសិករទៅស្ថាប័នមានសមត្ថកិច្ច ឬសហគមន៍ជាតិ និងអន្តរជាតិ ដែលមិនត្រូវទុកសម្លេងរបស់កសិករណាម្នាក់ចោលឡើយ៕