681 ezgif.com resize
Swift cc time

សហគ្រាសទេសចរណ៍ធំៗនៃទីក្រុងសានយ៉ាប្រទេសចិន នឹងមកទស្សនកិច្ចនៅកម្ពុជា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍រវាងគ្នា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ សហគ្រាសទេសចរណ៍ធំៗ នៃទីក្រុងសានយ៉ា ប្រទេសចិន គ្រោងមកធ្វើទស្សនកិច្ចស្វែងយល់ (FAM Trip) នៅកម្ពុជា និងការលើកលែងទិដ្ឋាការជូនប្រជាជនចិននាខែមិថុនាខាងមុខនេះ។ គម្រោងនេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក Zhang Hao ជាប្រធានក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ទីក្រុងសានយ៉ា ក៏ដូចជាសហគ្រាសទេសចរណ៍ធំៗ និងសហព័ន្ធពីផ្នែកផ្សេងៗ ក្នុងវិស័យទេសចរណ៍ នៅទីក្រុងសានយ៉ា ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។

នាឱកាសនោះ លោក Zhang Hao បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យ និងសក្តានុពលវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ និងពេញនិយមរបស់ភ្ញៀវទេសចរចិន ព្រមទាំងការលើកលែងទិដ្ឋាការជូនភ្ញៀវចិននាខែមិថុនាខាងមុខ។

តាមរយៈជំនួបប្រកបដោយផ្លែផ្កា ភាគីទាំងពីរ បានឯកភាពជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងទីក្រុងសានយ៉ា ឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព តាមរយៈការជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍រួមគ្នា និងការពង្រឹងទំនាក់ទំនងរវាងវិស័យឯកជននៃភាគីទាំងពីរ។ ជាក់ស្តែង ភាគីទំាងពីរ ឯកភាពសហការរៀបចំកម្មវិធី FAM Trip សម្រាប់ក្រុមហ៊ុនទេសចរណ៍ អ្នកសារព័ត៌មានចិន និង Influencers ល្បីៗ ប្រចាំក្រុង មកទស្សនាស្វែងយល់ពីគោលដៅទេសចរណ៍កម្ពុជា និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ និងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងទាក់ទាញភ្ញៀវទេសចរជាច្រើនបន្ថែមទៀត នាពេលខាងមុខ។

បន្ថែមពីលើនេះ ភាគីទាំងពីរ ក៏បានពិភាក្សាលើការជំរុញការតភ្ជាប់ជើងហោះហើរត្រង់ និងទៀងទាត់រវាងទីក្រុងសានយ៉ា និងគោលដៅទេសចរណ៍សំខាន់ៗ របស់កម្ពុជា ជាពិសេសរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ អ្នកធ្វើដំណើរជាតិ និងអន្តរជាតិ ព្រមទាំងពង្រឹងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។

គួរបញ្ជាក់ថា ទីក្រុងសានយ៉ាន គឺជាទីក្រុងទេសចរណ៍ដ៏សំខាន់មួយរបស់ខេត្តហៃណាន ដែលមានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយក៏ជាគោលដៅទេសចរណ៍ល្បីល្បាញរបស់ប្រទេសចិន និងតំបន់អាស៊ីផងដែរ៕


Khcct banner

អត្ថបទទាក់ទង