ភ្នំពេញ៖ រយៈពេល ៣សប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៥០ទីតាំង ឃាត់ខ្លួនក្នុងរង្វង់ប្រតិបត្តិការសរុបប្រមាណ ៣,៣២០នាក់ ស្មើនឹង ៣២សញ្ជាតិ។ នេះបើតាមសេចក្តីប្រកាសរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញចេញចំនួន ១,០៣០នាក់ ស្មើនឹង ១៦សញ្ជាតិ កសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ៩៦នាក់ ស្មើនឹង ៦សញ្ជាតិ ធ្វើការអប់រំបុគ្គលដែលមិនជាប់ពាក់ព័ន្ធចំនួន ៥៥៩នាក់ ស្មើនឹង ៣សញ្ជាតិ កំពុងបន្តនីតិវិធី នៅតាមស្នងការដ្ឋានចំនួន ១,៥៩០នាក់ ស្មើនឹង ១៦សញ្ជាតិ និងក្នុងនោះសាមីជនបានស្នើសុំត្រឡប់ទៅ ប្រទេសកំណើតវិញចំនួន ៤៥នាក់ ស្មើនឹង ៨សញ្ជាតិ។
កិច្ចប្រតិបត្តិការនេះ បានធ្វើឱ្យក្រុម ជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមួយចំនួនរត់គេចទៅសម្ងំលាក់ខ្លួននៅទីកន្លែងនានាក្នុងប្រទេស និងមួយ ចំនួនទៀតបានចាកចេញពីប្រទេសកម្ពុជា ហើយព្យាយាមបន្តប្រតិបត្តិការឆបោកនៅតាមប្រទេសក្នុងតំបន់ មួយចំនួនទៀត។ ទន្ទឹមនឹងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចមូលដ្ឋានក៏បានអនុវត្តនូវវិធានការរដ្ឋបាលចំហរតាមទីតាំងស្នាក់នៅប្រមូលផ្តុំ និងអនុវត្តវិធានការផាកពិន័យម្ចាស់ទីតាំងជាច្រើននាក់។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ឧសភា ម្សិលមិញនេះ ប្រមុខរដ្ឋស្តីទីកម្ពុជា សម្តេច ហ៊ុន សែន បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា បន្តចាត់វិធានការបោសសម្អាត Online Scam បន្ថែមទៀត និង ចាត់វិធានការដកតំណែងមន្រ្តីណាដែលជាប់ពាក់ព័ន្ធ មិនអនុវត្តក្នុងការបោសសម្អាត ក្នុងការងារនេះ៕