681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា ការបោសសំអាត Online Scams គ្មានបន្ធូរដៃឡើយ ព្រោះវាជាមុខមាត់ជាតិ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត បានប្រកាសបញ្ជាក់ជាថ្មីថា ការងារបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងប្រទេសកម្ពុជា គឺរាជរដ្ឋាភិបាលកម្ពុជាត្រូវតែបន្តធ្វើ ដោយគ្មានបន្ធូរដៃឡើយ។នេះប្រកាសនេះ ធ្វើឡើងក្នុងពេលសម្តេចដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ២២ ឧសភា។នេះបើយោងតាមប្រសាសន៍របស់ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។

ក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រី សម្តេច ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន និង កងនគរបាលជាតិ ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អ ក្នុងការបង្ក្រាបបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយទទួលបានលទ្ធផលធំៗជាបន្តបន្ទាប់។ 

តែយ៉ាងណាសម្តេចនាយករដ្ឋមន្ត្រីនៅតែមើលឃើញថា នៅមានសេសសល់បញ្ហាមួយចំនួនទៀតដែលត្រូវបន្តធ្វើដោយគ្មានបន្ធូរដៃឡើយ។ សម្តេច បានផ្ញើសារច្បាស់លាស់ និង យ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ.

សូមបញ្ជាក់ថា ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ដល់ពាក់កណ្ដាលខែមេសា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ក្នុងរាជធានី-ខេត្ត បង្ក្រាបអំពើបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួនជាង ២៥០ករណី ដោយក្នុងនោះមានការបង្ក្រាបទីតាំងកាស៊ីណូចំនួន ១១ទីតាំង និង បានកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចំនួន ១១២ករណី ពាក់ព័ន្ធនឹងជនសង្ស័យចំនួនប្រមាណ ១ ០៨៩នាក់ ដែលក្នុងនោះមានជនជាតិចិន ថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង សិង្ហបុរី និងខ្មែរ។ 

បន្ថែមពីលើនេះ ចាប់ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានអនុវត្តនីតិវិធីបណ្តេញជនបរទេសពាក់ព័ន្ធនឹងការបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបចំនួន ១៣ ០៣៩នាក់ មាន ៣៣សញ្ជាតិ ក្នុងនោះមានស្រ្តីចំនួន ១ ៥០៩នាក់។ គិតចាប់ពីពាក់កណ្ដាលខែមករា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ជនបរទេសដែលស្ម័គ្រចិត្តចាកចេញពីប្រទេសកម្ពុជាមានសរុបចំនួន ២៤១ ៨៨៨នាក់ ក្នុងនោះមានជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ឥណ្ឌា បង់ក្លាដែស និងប៉ាគីស្ថាន៕ 

Khcct banner

អត្ថបទទាក់ទង