សៀមរាប៖ «ស្រះបុរាណ»មួយ ស្ថិតនៅខាងជើងក្រៅកំពែង ព្រះបរមរាជវាំងក្រុងអង្គរធំ ត្រូវបានសន្និដ្ឋានថាកសាងឡើង នៅចុងសតវត្សទី១២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវបឋមរបស់ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា ក្រោយបើកការស្រាវជ្រាវចាប់តាំងពីខែកុម្ភៈ ក្នុងគោលបំណងសិក្សាប្រព័ន្ធគ្រប់គ្រងទឹកបុរាណ និង លើកតម្លៃអតីតព្រះបរមរាជវាំងនៃក្រុងអង្គរធំ។
លោក សួម សុភា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា លទ្ធផលនៃការធ្វើកំណាយ នៅទីតាំងស្រះលេខ ១១ បានបង្ហាញនូវទិន្នន័យសំខាន់ៗដូចខាងក្រោម៖ រូបសណ្ឋាន និង ទំហំ៖ ស្រះនេះមានរចនាសម្ព័ន្ធសាងសង់ឡើង អំពីថ្មបាយក្រៀម មានរាងចតុកោណកែង មានបណ្តោយ ៦៥ ម៉ែត្រ និង ទទឹង ៣០ ម៉ែត្រ ព្រមទាំងមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ។
ចំពោះស្ថានភាពដីល្បាប់ ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា កំណកដីចាក់បង្គរ (ល្បាប់ដី) ពីផ្ទៃខាងលើរហូតដល់បាតស្រះបុរាណ មានជម្រៅប្រមាណ ៣,៥ ម៉ែត្រ។ផ្អែកលើការវិភាគទៅលើសម្ភារបង្គុំសំណង់ ភស្តុតាងស្រទាប់ដី និងរចនាបថសិល្បៈ ក្រុមអ្នកជំនាញ បានសន្និដ្ឋានថា រចនាសម្ព័ន្ធ នៃស្រះលេខ១១ នេះ ត្រូវបានកសាងឡើង នៅចុងសតវត្សទី១២ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។
ភស្តុតាងដ៏លេចធ្លោបំផុត គឺការរកឃើញសិល្បៈចម្លាក់ដ៏ល្អឯក ឆ្លាក់បង្ហាញពីទិដ្ឋភាព និង សកម្មភាពនៃការអុំទូកលំហែកាយ (លក្ខណៈសែនមនោរម្យ)។ ប្រព័ន្ធជីវចម្រុះ និង បរិស្ថានធម្មជាតិបុរាណ រួមមានសកម្មភាពសត្វបក្សាបក្សី សត្វល្មូន និង មច្ឆជាតិជាច្រើនប្រភេទដែលរស់នៅក្នុងប្រព័ន្ធទឹកនោះ។
បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា កំពុងបន្តការស្រាវជ្រាវ និង ធ្វើកំណាយបុរាណវិទ្យាបន្ថែម ដើម្បីប្រមូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ និង រៀបចំគម្រោងជួសជុល និង ពង្រឹងរចនាសម្ព័ន្ធសំណង់ឡើងវិញ ដើម្បីស្តារមុខងារស្រះដ៏ពិសិដ្ឋនេះឱ្យមានទឹក និង ដំណើរការដូចដើម ព្រមទាំងលើកសម្រស់ទិដ្ឋភាពរូបវន្តនៃស្រះនេះឱ្យបានច្បាស់លាស់ សម្រាប់បម្រើដល់ការសិក្សាស្រាវជ្រាវ និងវិស័យទេសចរណ៍នាពេលអនាគត៕