ទីក្រុងហៃគូ៖ ក្រសួងទេសចរណ៍កម្ពុជា និងអភិបាលក្រុងហៃគូ នៃខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ឯកភាពគ្នាជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងគ្នាឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងក្រុងហៃគូ និងគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ជាពិសេសរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ ការប្ដេជ្ញានេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក Zhang Yong អភិបាលក្រុងហៃគូ នៅទីក្រុងហៃគូ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦។
នាឱកាសនេះ លោក Zhang Yong អភិបាលក្រុងហៃគូ បានគូសបញ្ជាក់ពីស្ថានភាពសេដ្ឋកិច្ចរបស់ក្រុងហៃគូជាមួយនឹងសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ និងលក្ខណៈពិសេសនៃកំពង់ផែពាណិជ្ជកម្មសេរីហៃណាន ដែលជាកំពង់ផែពាណិជ្ជកម្មសេរីដ៏សំខាន់មួយរបស់ប្រទេសចិននាពេលបច្ចុប្បន្ននេះ ព្រមទាំងគោលដៅប្រែក្លាយក្រុងហៃគូជាចំណុចកណ្តាលនៃការតភ្ជាប់រវាងខេត្តហៃណាន ជាមួយប្រទេសកម្ពុជា និងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ានផងដែរ។
ភាគីទាំងពីរ បានឯកភាពជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងក្រុងហៃគូ ឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព តាមរយៈការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការជំរុញកំណើនភ្ញៀវទេសចរទៅវិញទៅមក និងការពង្រឹងទំនាក់ទំនងរវាងវិស័យឯកជននៃភាគីទាំងពីរ។ បន្ថែមពីលើនេះ ការជំរុញការតភ្ជាប់ជើងហោះហើរត្រង់រវាងក្រុងហៃគូ និងគោលដៅទេសចរណ៍សំខាន់ៗ របស់កម្ពុជា ជាពិសេសរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ និងពង្រឹងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។
ជាមួយគ្នានេះ លោក ហួត ហាក់ ក៏បានស្នើឱ្យភាគីក្រុងហៃគូ ជួយជំរុញ និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា និងគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ទៅកាន់ប្រជាពលរដ្ឋចិន ជាពិសេសប្រជាពលរដ្ឋក្រុងហៃគូ តាមរយៈបណ្តាញផ្សព្វផ្សាយ វេទិកាទេសចរណ៍ និងសហគមន៍ធុរកិច្ចទេសចរណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាកាន់តែច្រើន៕