ភ្នំពេញ៖ មូលនិធិអាស៊ាន (ASEAN Foundation) រៀបចំការប្រកួតវិទ្យាសាស្ត្រទិន្នន័យអាស៊ាន ASEAN Data Science Explorers ឬហៅកាត់ថា(ASEAN DSE) ដើម្បីផ្តល់ឱកាសឱ្យយុវជននៅតាមបណ្តាប្រទេសជាសមាជិកអាស៊ានចូលរួមប្រកួត ដោយប្រើប្រាស់វិទ្យាសាស្ត្រទិន្នន័យ និងបច្ចេកវិទ្យាឌីជីថល ដើម្បីដោះស្រាយបញ្ហាសង្គម និងសេដ្ឋកិច្ចនៅក្នុងតំបន់។ កម្មវិធីប្រកួតនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីអាស៊ាន និងគាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (UN-SDGs) ។
យោងតាមគេហទំព័រផ្លូវការរបស់ ASEAN Foundation ដើម្បីដាក់ពាក្យចូលរួមកម្មវិធីនេះយុវជនត្រូវមានអាយុចាប់ពី ១៨ ទៅ៣០ឆ្នាំ និងកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឬទើបតែបញ្ចប់ថ្នាក់បរិញ្ញាបត្ររយៈពេលមួយឆ្នាំ។បន្ថែមពីនេះ ក្រុមតំណាងនីមួយៗត្រូវមានសមាជិក ២នាក់ ហើយត្រូវលើកយកបញ្ហាណាមួយដែលជាបញ្ហារបស់អាស៊ានយកមកដោះស្រាយតាមរយៈបច្ចេកវិទ្យា ដែលមានដូចជា Zero Hunger, Good Health and Well-being, Clean Water and Sanitation, Sustainable cities and communities, Responsible consumption and production, និងClimate Action៕
គួរបញ្ជាក់ថា បេក្ខជនដែលជាប់ក្នុងការតំណាងប្រទេសនឹងទៅប្រកួតនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន និងមានឱកាសទទួលបានទឹកប្រាក់រហូតដល់ ២៨៥០០ដុល្លារ។ បេក្ខជន ដែលមានចំណាប់អារម្មណ៍អាចចូលទៅអានព័ត៌មានបន្ថែមនៅក្នុង គេហទំព័រ ដាក់ពាក្យតាម តំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦៕