ខេត្តក្រចេះ៖ លោកបណ្ឌិត កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានលើកទឹកចិត្តដល់កសិករខ្មែរ និងអ្នកវិយោគលើវិស័យចិញ្ចឹមសត្វ គួរពង្រីកការចិញ្ចឹមសត្វឲ្យកាន់តែច្រើន ដើម្បីបំពេញតម្រូវការសាច់សត្វក្នុងស្រុក ខណៈការផលិតក្នុងមួយថ្ងៃៗ មិនទាន់គ្រប់ទីផ្សារនៅឡើយ។ ប្រសាសន៍នេះ ត្រូវបានលើកឡើងក្នុងឱកាសចុះពិនិត្យកសិដ្ឋានចិញ្ចឹមគោយកសាច់មួយកន្លែងដែលមានទីតាំងស្ថិតនៅឃុំ២ឆ្នូ ស្រុកស្នួល ខេត្តក្រចេះ នាល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។
នាឱកាសនោះ លោកបណ្ឌិត កៅ ថាច បានលើកឡើងថា ចាប់ផ្តើមពីការចិញ្ចឹមខ្នាតតូច ឥឡូវនេះ កសិដ្ឋានចិញ្ចឹមគោយកសាច់មួយនេះ បានពង្រីកខ្លួនកាន់តែធំ រហូតអភិវឌ្ឍន៍ទៅជាសហគ្រាសផលិតចំណីសត្វ ឈ្មោះ«ដង្ខៅ ប៉ាង» ដែលសព្វថ្ងៃចិញ្ចឹមគោយកសាច់ប្រមាណ ៣០០ក្បាល ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងចែកចាយបន្តនៅតាមបណ្តាខេត្តផ្សេងៗទៀត។
លោកបណ្ឌិតបញ្ជាក់ថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលផ្តោតសំខាន់លើវិស័យកសិកម្មជាធំនោះ លោកបណ្ឌិតបានលើកទឹកចិត្តដល់កសិករខ្មែរ និងអ្នកវិយោគលើវិស័យចិញ្ចឹមសត្វ គួរពង្រីកការចិញ្ចឹមសត្វឲ្យកាន់តែច្រើននៅក្របខណ្ឌទូទាំងប្រទេស ដើម្បីបំពេញតម្រូវការសាច់ក្នុងស្រុក ព្រោះក្នុងមួយថ្ងៃៗ ការផលិត មិនទាន់គ្រប់ទីផ្សារនៅឡើយទេ៕