អាម៉េរិក៖លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) នៅថ្ងៃទី ២១ ឧសភា បានចូលរួមថ្លែងសេចក្តីថ្លែងការណ៍ ក្នុងកិច្ចប្រជុំបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ស្តីពី "កិច្ចការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ" រៀបចំដោយស្ថានបេសកកម្មសាធារណរដ្ឋប្រជាមានិតចិន ក្នុងនាមជាប្រធាននៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប. សម្រាប់ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការអ.ស.ប. ទីក្រុងញូវយ៉ក។ ក្នុងវេទិកាអន្តរជាតិនេះ លោកបានបន្តប្រើវេទិកាអន្តរជាតិលើកឡើងពីការឈ្លានពានរបស់ថៃលើទឹកដីកម្ពុជា បង្កផលវិបាកដល់ជនស៊ីវិលកម្ពុជាជាង ៦០ ម៉ឺននាក់។
ក្នុងសេចក្តីថ្លែងការណ៍ លោក កែវ ឈា បានគូសបញ្ជាក់ អំពីគោលការណ៍ និង សារៈសំខាន់នៃការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និង កិច្ចការពារជនស៊ីវីល នៅក្នុងគ្រប់ជម្លោះប្រដាប់អាវុធ។លោកបានជម្រាបជូនកិច្ចប្រជុំបើកចំហររបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អំពីការរំលោភច្បាប់មនុស្សធម៌អន្តរជាតិដែលកំពុងកើតមាននៅតាមតំបន់ជាច្រើនលើពិភពលោក រួមទាំងនៅអាស៊ីអាគ្នេយ៍ ហើយបានសង្កត់ធ្ងន់ថា នៅកម្ពុជា អំពើឈ្លានពាន កាលពីខែកក្កដា និង ខែធ្នូ ឆ្នាំ២០២៥ បានបង្កផលវិបាកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។
បើតាមលោក កែវ ឈា ក្នុងសកម្មភាពឈ្លានពានរបស់ថៃ លើប្រទេសកម្ពុជាកន្លងទៅបានបង្កផលវិបាកដល់ ជនស៊ីវិលកម្ពុជាប្រមាណ ៦៤៩ ០០០ នាក់បានរត់ភៀសសឹក ហេដ្ឋារចនាសម្ព័ន្ធស៊ីវីលជាច្រើនត្រូវបានបំផ្លិចបំផ្លាញ ហើយ ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ៕