681 ezgif.com resize
Swift cc time

ណាតាផុង ប្រាប់អនុទីនឱ្យអញ្ជើញម៉ាក្រុងមកទស្សនកិច្ចនៅថៃមុនមកកម្ពុជា ដើម្បីប្រយោជន៍ថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/
មេដឹកនាបក្សប្រជាជន លោកណាតាផុង រឿងផាន់យ៉ាវុទ្ធ

បាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល កាលពីយប់ថ្ងៃទី ២១ ឧសភា បានធ្វើដំណើរទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់សាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៧ ឧសភា ឆ្នាំ ២០២៦ នេះ ដើម្បីជួបពិភាក្សាការងារជាមួយសហគ្រិន និងវិនិយោគិនធំៗរបស់បារាំង។ លោកអនុទីននឹងចូលរួមពិសារអាហារពេលល្ងាច ពិភាក្សាការងារក្រៅផ្លូវការជាមួយប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុងផងដែរ។ លោក ណាតាផុង រឿងផាន់យ៉ាវុទ្ធ មេដឹកនាំគណបក្សប្រជាជនថៃ ជំរុញឱ្យលោក អនុទីន ឆ្លៀតឱកាសនេះអញ្ជើញលោក ម៉ាក្រុង មកបំពេញទស្សនកិច្ចនៅថៃជាមុនសិន មុននឹងលោកបន្តដំណើរទៅកាន់ប្រទេសកម្ពុជានៅចុងឆ្នាំនេះ។

នាយករដ្ឋមន្រ្តីថៃ លោកអនុទីន ចាន់វីរៈគុល

យោងតាមការចុះផ្សាយរបស់កាសែតThairath លោក ណាតាផុង ជឿជាក់ថា ការធ្វើជាម្ចាស់ផ្ទះទទួលលោក ម៉ាក្រុង មុនកម្ពុជា នឹងជួយសម្របសម្រួលដល់ការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងទាក់ទាញវិនិយោគិនបរទេសដែលមានគុណភាព មកអភិវឌ្ឍវិស័យថាមពលស្អាត និងប្រព័ន្ធបណ្តាញអគ្គិសនី (Power Grid) នៅក្នុងប្រទេសថៃ។

ប្រធានាធិបតីបារាំង លោកអេម៉ានូអែល ម៉ាក្រុង

លោក ណាតាផុង បានគូសបញ្ជាក់ថា បារាំងគឺជាប្រទេសឈានមុខគេមួយដែលមានសមាមាត្រប្រើប្រាស់ថាមពលកាបូនទាប ដូច្នេះ លោក អនុទីន គួរតែទាញយកផលប្រយោជន៍ពីដំណើរទស្សនកិច្ចនេះដើម្បីជំរុញគម្រោងអន្តរកាលថាមពលរបស់ថៃ។

ទោះជាយ៉ាងណា មេដឹកនាំបក្សប្រឆាំងរូបនេះបានសង្កត់ធ្ងន់ថា ទោះបីជាដំណើរទស្សនកិច្ចនេះមានភាពចាំបាច់ក្នុងកម្រិតណាក៏ដោយ ប៉ុន្តែវាក៏ត្រូវចំណាយកញ្ចប់ថវិការដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។ ហេតុនេះ លោកបានដាស់តឿនឱ្យនាយករដ្ឋមន្ត្រីថៃ ប្រើប្រាស់ឱកាសនេះឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីលើកកម្ពស់តួនាទីយុទ្ធសាស្ត្រសកលរបស់ថៃ ដោយធ្វើការកែប្រែប្រទេសថៃឱ្យក្លាយជាសសរស្តម្ភ និងជាស្ពានសេដ្ឋកិច្ចដ៏សំខាន់សម្រាប់តភ្ជាប់អាស៊ាន ទៅកាន់សហភាពអឺរ៉ុប និងក្រុមប្រទេស OECD តាមរយៈការទាក់ទាញការវិនិយោគពីវិស័យឯកជន។

ជាចុងក្រោយ លោក ណាតាផុង បានអំពាវនាវឱ្យរដ្ឋាភិបាលថៃពង្រឹងតម្លាភាព និងលុបបំបាត់អំពើពុករលួយជាបន្ទាន់ តាមរយៈការអនុវត្តច្បាប់សម្របសម្រួល (Facilitation Act) និងច្បាប់ស្តីពីព័ត៌មាន (Information Act) ដើម្បីបង្កើនទំនុកចិត្តលើឆាកអន្តរជាតិ និងបំពេញតាមស្តង់ដារដ៏តឹងរ៉ឹងរបស់ OECD។

គួររំលឹកផងដែរថា ក្រុមប្រទេស OECD គឺជាអង្គការអន្តរជាតិមួយដែលបង្កើតឡើងដោយបណ្តាប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់ខ្ពស់ និងប្រកាន់របបប្រជាធិបតេយ្យជឿនលឿន។ បច្ចុប្បន្ន ប្រទេសថៃមិនទាន់ជាសមាជិកពេញសិទ្ធិរបស់អង្គការនេះនៅឡើយទេ ប៉ុន្តែបាននិងកំពុងព្យាយាមដាក់ពាក្យចូល តែដើម្បីអាចក្លាយជាសមាជិកបាន ថៃត្រូវតែធ្វើកំណែទម្រង់ច្បាប់ជាច្រើន ជាពិសេសគឺការកាត់បន្ថយនីតិវិធីរដ្ឋបាលដ៏ស្មុគស្មាញ និងការលុបបំបាត់អំពើពុករលួយ ឬការសូកប៉ាន់ឱ្យមានប្រសិទ្ធភាពជាមុនសិន។


Khcct banner

អត្ថបទទាក់ទង