681 ezgif.com resize
Swift cc time

ស្ថានទូតកម្ពុជានៅកូរ៉េ បញ្ជាក់ថាផ្លែស្វាយដែលមានម៉ាកយីហោ«Romdoul» មានប្រភពដើមមកពីកម្ពុជា ១០០%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ថា ករណីប្រភពដើមរបស់ផ្លែស្វាយដែលមានម៉ាកយីហោ «Romdoul» (រំដួល) ដែលកំពុងត្រូវបានដាក់លក់នៅលើទីផ្សារកូរ៉េ គឺពិតជាមានប្រភពដើមមកពីកម្ពុជា ១០០% និងត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុនលំដាប់អន្តរជាតិមួយរបស់សាធារណរដ្ឋកូរ៉េ ដែលបានបោះទុនវិនិយោគនៅប្រទេសកម្ពុជា។ ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការបង្ហោះសារជាអក្សរ និងជាវីដេអូ ដោយបានជជែកវែកញែកជាហូរហែ ពាក់ព័ន្ធនឹងប្រភពរបស់ផ្លែស្វាយដែលមានម៉ាកយីហោ Romdoul និងការប្រើប្រាស់ស្លាកសញ្ញាបញ្ជាក់ប្រភពដើម ថាជាទំនិញរបស់កម្ពុជានៅលើផលិតផលថៃ។

ពាក់ព័ន្ធនឹងករណីនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចេញបំភ្លឺថា ផ្លែស្វាយដែលមានម៉ាកយីហោ «Romdoul» (រំដួល) ដែលកំពុងត្រូវបានដាក់លក់នៅលើទីផ្សារកូរ៉េ គឺ ពិតជាមានប្រភពដើមមកពីកម្ពុជា ១០០% និងត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនលំដាប់អន្តរជាតិ Hyundai Corporation របស់សាធារណរដ្ឋកូរ៉េ ដែលបានបោះទុនវិនិយោគនៅប្រទេសកម្ពុជា។

ស្ថានទូតបន្តថា ពាក់ព័ន្ធនឹងករណីប្រើប្រាស់ស្លាកសញ្ញាបញ្ជាក់ថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃ ស្ថានឯកអគ្គរាជទូត បានចាត់អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូត ដើម្បីស្រាវជ្រាវ និងបានទៅដល់ទីតាំង ម៉ាត ដែលបានដាក់លក់ផលិតផលផ្លែស្វាយខាងលើ។ ជាលទ្ធផល ម្ចាស់ម៉ាតបានទទួលស្គាល់ថា កន្លងមក ពិតជា មានការច្រលំបិតស្លាកសញ្ញាថាជាផលិតផលរបស់កម្ពុជា នៅលើផ្លែស្វាយរបស់ថៃពិតប្រាកដមែន ប៉ុន្តែត្រូវបានកែ តម្រូវរួចរាល់ហើយ។ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូត ក៏បានណែនាំ និងដាស់តឿនដល់ម្ចាស់ម៉ាត ឱ្យមានការប្រុង ប្រយ័ត្ន និងជៀសវាងការក្លែងបន្លំប្រភពដើមថា ជាផលិតផលរបស់កម្ពុជា ដែលអាចឈានដល់ការចាត់វិធានការ តាមផ្លូវច្បាប់។

ជាមួយគ្នានេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអំពាវនាវដល់អ្នកលក់ និងអ្នកចែកចាយទំនិញនានា សូមជៀសវាងការក្លែងបន្លំប្រភពដើមនៃទំនិញ ជាពិសេសការបន្លំថាជាផលិតផលរបស់កម្ពុជា ដែលអាចប្រឈម នឹងការទទួលខុសត្រូវតាមផ្លូវច្បាប់ជាធរមាន៕


Khcct banner

អត្ថបទទាក់ទង