ភ្នំពេញ៖ ថ្ងៃទី ២០ ខែឧសភា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាជា«ថ្ងៃទិវាជាតិនៃការចងចាំ» ហើយជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ក្នុងថ្ងៃទីវានេះ សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានយកថ្ងៃទិវានេះ អំពាវនាវឱ្យពលរដ្ឋកម្ពុជារួមគ្នាថែរក្សាការពារ«សន្តិភាព»ឱ្យបានគង់វង្ស។
«ទិវាជាតិនៃការចងចាំ» ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតឡើងតាំងពីឆ្នាំ២០១៨ ដោយយកថ្ងៃទី ២០ ខែឧសភាគឺជា «ទិវាជាតិនៃការចងចាំ» និង ជាទិវាបុណ្យជាតិផ្លូវការ សម្រាប់ជាការរំឭក ដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែល កើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
ដូចរាល់ឆ្នាំ ពោលគឺថ្ងៃនេះ ថ្នាក់ដឹកនាំកម្ពុជា និងប្រជាពលរដ្ឋ បានចេញសាររំលឹក និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ដែលគេស្គាល់ថា ជាបិតាសន្តិភាពនៅកម្ពុជា សម្តេចបានចេញសារពី«ទិវាជាតិនៃការចងចាំ» អមជាមួយការរំលេច អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។
បើតាមសម្តេច ហ៊ុន សែន ក្នុងសោកនាដកម្មនេះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។សម្តេចយកឱកាសនេះ អំពាវនាវជាថ្មីដល់ប្រជាជនកម្ពុជា ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕