681 ezgif.com resize
Swift cc time

សភាពាណិជ្ជកម្មអាម៉េរិក គ្រោងរៀបចំ«ពិធីទទួលទានអាហារពេលព្រឹកធុរកិច្ច លើកទី២» នៅកម្ពុជា នាដើមខែមិថុនាខាងមុខ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)

ភ្នំពេញ៖ សភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) គ្រោងរៀបចំពិធីទទួលទានអាហារពេលព្រឹកធុរកិច្ច លើកទី២ នៅកម្ពុជា នាដើមខែមិថុនាខាងមុខ។ ពិធីនេះ នឹងបន្តដើរតួជាកាតាលីករដ៏សំខាន់មួយក្នុងការលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពបត់បែន និងបង្កភាពងាយស្រួលដល់ប្រតិបត្តិការវិនិយោគិនពីវិស័យឯកជន។ គម្រោងនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងលោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Devin Barta ប្រធាន AmCham នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។

នាឱកាសនេះ លោក ស៊ុន ចាន់ថុល បានផ្តល់ការណែនាំឱ្យផ្តោតការយកចិត្តទុកដាក់លើការកំណត់ប្រធានបទពិភាក្សាឱ្យបានច្បាស់លាស់ ចំគោលដៅ និងឆ្លើយតបទៅនឹងបច្ចុប្បន្នភាពនៃនិន្នាការសេដ្ឋកិច្ចសកល ជាពិសេសការលើកឡើងពីបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយរួមគ្នា សំដៅធានាដល់កាលានុវត្តភាពវិនិយោគយ៉ាងពិតប្រាកដសម្រាប់ធុរជនទាំងអស់។

ជាការឆ្លើយតប លោកប្រធាន Devin Barta បានបង្ហាញនូវក្តីសោមនស្សរីករាយដែល AmCham ទទួលបានសេចក្តីទុកចិត្តក្នុងការរៀបចំពិធីទទួលទានអាហារពេលព្រឹកធុរកិច្ច លើកទី២នេះ ដែលនេះជាវេទិកាដ៏សំខាន់ក្នុងការបង្កើនការសន្ទនាដោយត្រង់ទៅត្រង់មកនិងជិតស្និទ្ធ រវាងថ្នាក់ដឹកនាំស្ថាប័នរដ្ឋ និងតំណាងវិស័យឯកជន។

ជំនួបពិភាក្សាត្រូវបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល ប្រកបដោយកិច្ចសហការខ្ពស់ ដោយភាគីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នាក្នុងការរៀបចំកម្មវិធីនេះ ឱ្យទទួលបានលទ្ធផលជាផ្លែផ្កា សំដៅបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងរដ្ឋនិងឯកជនឱ្យកាន់តែរឹងមាំ ក្នុងន័យរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន។

គួរបញ្ជាក់ថា តាមរយៈការត្រៀមរៀបចំយ៉ាងហ្មត់ចត់រវាង ក.អ.ក. និង AmCham ពិធីទទួលទានអាហារពេលព្រឹកធុរកិច្ច លើកទី២ នាដើមខែមិថុនាខាងមុខ ត្រូវបានរំពឹងថានឹងបន្តដើរតួជាកាតាលីករដ៏សំខាន់មួយក្នុងការលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពបត់បែន និងបង្កភាពងាយស្រួលដល់ប្រតិបត្តិការវិនិយោគិនពីវិស័យឯកជន៕


Khcct banner

អត្ថបទទាក់ទង