ភ្នំពេញ៖ ព្រឹត្តិការណ៍ «បើករថយន្តឆ្លងកាត់ព្រំដែន (CARAVAN TOUR) មេគង្គ-ឡានឆាង» មានរយៈពេល២៣ថ្ងៃ ឆ្លងកាត់កម្ពុជា-ឡាវ-ចិន ជាព្រឹត្តការណ៍ថ្មី ដែលនឹងទាក់ទាញមួយទៀតក្នុងយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរចិន និងអន្តរជាតិមកកាន់កម្ពុជា។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «បើករថយន្តឆ្លងកាត់ព្រំដែន (CARAVAN TOUR) មេគង្គ-ឡានឆាង» អបអរសាទរ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ក្នុងគោលបំណងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់បណ្តាប្រទេសក្នុងអាងទន្លេមេគង្គ ពង្រឹងទំនាក់ទំនង និងការតភ្ជាប់វិស័យទេសចរណ៍រវាងកម្ពុជា-ចិន ព្រមទាំងជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងតំបន់មហាអនុតំបន់មេគង្គ។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការអបអរសាទរ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» និងខួបទី៦៨ឆ្នាំនៃទំនាក់ទំនងមិត្តភាពដែកថែបកម្ពុជា-ចិន ព្រមទាំងជាការជួយបន្ថែមសន្ទុះ ដល់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។
ទន្ទឹមនឹងនេះ លោក ហួត ហាក់ បានអំពាវនាវដល់ប្រតិភូក្បួនរថយន្តទាំងអស់សូមជាទូតសុច្ឆន្ទៈ ជួយផ្សព្វផ្សាយពីសភាពការណ៍នយោបាយ និងសង្គមពិតរបស់កម្ពុជា ដែលជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព មិត្តភាព បដិសណ្ឋារកិច្ច និងស្នាមញញឹមដ៏កក់ក្តៅ ព្រមទាំងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏ទាក់ទាញ កាលានុវត្តភាពវិនិយោគដ៏ល្អ ព្រមទាំងវប្បធម៌ និងទំនៀមទម្លាប់របស់កម្ពុជាដ៏សំបូរទៅកាន់ប្រជាជន និងភ្ញៀវទេសចរអន្តរជាតិតាមគោលដៅដែលធ្វើដំណើរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ «បើករថយន្តឆ្លងកាត់ព្រំដែន (CARAVAN TOUR) មេគង្គ-ឡានឆាង» មានរយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដោយក្បួនរថយន្តនឹងចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង ឆ្លងកាត់តាមសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងបន្តដំណើរទៅកាន់ខេត្តយូណាន (YUNNAN PROVINCE) នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៨ ខែឧសភា រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦។ ហើយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ក្បួនរថយន្ត នឹងចេញដំណើរពីខេត្តយូណាន (YUNNAN PROVINCE) នៃសាធារណរដ្ឋប្រជាមានិតចិន មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦៕