681 ezgif.com resize
Swift cc time

ក្រុមហ៊ុន តេ ហ្សុង (Te Zhong Shebei Jiance Yanjiu Yuan Cambodia Co., Ltd.) សហការជាមួយ ក្រសួងឧស្សាហកម្មកម្ពុជា រួមគ្នាពង្រឹងសុវត្តិភាពក្នុង រោងចក្រ និង សិប្បកម្ម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ក្រុមហ៊ុន តេ ហ្សុង ស៊ីប៉ី ជានស៊ី យ៉ាន ជីវ យ័ន (ខេមបូឌា) នៅថ្ងៃទី ១៨ ឧសភាម្សិលមិញ បានសហការគ្នារៀបចំ សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តអនុស្សរណៈនៃការយោគយល់ ស្តីពីការផ្តល់វិញ្ញាបនបត្របញ្ជាក់លក្ខណៈបច្ចេកទេស និង សុវត្ថិភាពសម្រាប់ឧបករណ៍ និងម៉ាស៊ីនដែលមានហានិភ័យនៅក្នុងរោងចក្រ និង សិប្បកម្ម។

សិក្ខាសាលានេះ រៀបចំឡើងក្រោមអធិបតីភាព លោកបណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការ និង លោក ហ៊ី ចីងវ៉ី (He Jing Wei) តំណាងក្រុមហ៊ុន តេ ហ្សុង ស៊ីប៉ី ជានស៊ី យ៉ាន ជីវ យ័ន (ខេមបូឌា) ព្រមទាំងតំណាងសមាគម ក្រុមហ៊ុន រោងចក្រ សហគ្រាស និង សិប្បកម្ម សរុបជាង ៣០០ នាក់។

ក្នុងនាមតំណាងឱ្យក្រសួងក្រសួងឧស្សាហកម្ម លោកបណ្ឌិត ទឹង ស៊ីនី បានថ្លែងចាត់ទុក ការពង្រឹងស្តង់ដា និង សុវត្ថិភាពឧស្សាហកម្ម គឺជាមូលដ្ឋានគ្រឹះសម្រាប់ការបង្កើនផលិតភាព ការការពារសុវត្ថិភាពកម្មករ-និយោជិត និង លើកកម្ពស់ភាពប្រកួតប្រជែងនៃវិស័យឧស្សាហកម្មកម្ពុជា ស្របតាមស្តង់ដាអន្តរជាតិ និង លក្ខខណ្ឌតម្រូវទីផ្សារ។

ចំណែក លោក ហ៊ី ចីងវ៉ី (He Jing Wei) បានថ្លែង កោតសរសើរដល់កម្ពុជា ចំពោះការរីកចម្រើននៃវិស័យឧស្សាហកម្មយ៉ាងខ្លាំងក្លា និង ចាត់ទុកការពង្រឹងឧបករណ៍ មានហានិភ័យ គឺជាគ្រឹះដ៏សំខាន់បំផុត សម្រាប់វិស័យឧស្សាហកម្ម និង ជាកម្លាំងចលករជួយជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម។ជាមួយការរីកចម្រើននេះ លោកមើលឃើញថា ភាពចន្លោះប្រហោងចំណុចខ្វះខាតផ្នែកសុវត្ថិភាពឧបករណ៍ និងការការពារសុវត្ថិភាព ក្នុងផលិតកម្ម ដែលទាមទារឱ្យរួមគ្នាពង្រឹងការត្រួតពិនិត្យ និងការគ្រប់គ្រងឲ្យបានល្អ ដើម្បីការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

គួរបញ្ជាក់ថា ក្នុងសិក្ខាសាលាទាំងមូលកាលពីម្សិលមិញ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានចែករំលែកពីពីពង្រឹងការយល់ដឹង និងការអនុវត្តការគ្រប់គ្រងលក្ខណៈបច្ចេកទេស និង សុវត្ថិភាពឧស្សាហកម្មសម្រាប់ឧបករណ៍ ដូចជាឡចំហាយ ធុងផ្ទុកសម្ពាធខ្ពស់ និង ឧបករណ៍ដែលមានហានិភ័យនៅក្នុងរោងចក្រ និងសិប្បកម្ម ឱ្យស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម៕


Khcct banner

អត្ថបទទាក់ទង