ភ្នំពេញ៖ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានក្នុងទឹកប្រាក់ប្រមាណជាង ៧ ពាន់លានដុល្លារ កើនឡើង ២៦% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
បើតាមរបាយការណ៍ រយៈពេល៤ខែកន្លងទៅនេះ ពោលគិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ កម្ពុជាសម្រេចការនាំចេញទៅចិនក្នុងទឹកប្រាក់ជាង ៥៨៣ លានដុល្លារ កើនឡើងជាង ២១% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈការនាំចូលពីចិនវិញសម្រេចបានក្នុងទឹកប្រាក់ជាង ៦,៥ ពាន់លានដុល្លារ កើនឡើងជាង២៦% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិមានដូចជា សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម (ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ) គ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារៈអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំយានយន្ត និងផលិតផលជលផលជាដើម៕