ថៃ៖ ស្ថានទូតនៃកម្ពុជាប្រចាំប្រទេសថៃ កាលពីថ្ងៃទី២៥ធ្នូនេះ បានចុះចែកអំណោយជូនបងប្អូនពលករខ្មែរនៅជាយទីក្រុងបាងកកជាប់ព្រំប្រទល់ខេត្តសមុទ្រសាខន ដែលបានកំពុងរងផលប៉ះពាល់ចំពោះជីវភាពប្រចាំថ្ងៃ ក្រោយការរឹតបន្តឹងការចេញ-ចូលក្នុងតំបន់មួយចំនួន។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៏។
ជាមួយគ្នានេះដែរ ស្ថានទូតនៃកម្ពុជាប្រចាំប្រទេសថៃ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃទាំងអស់ មេត្តាចូលរួមសហការយ៉ាងសកម្មបន្ថែមទៀត ដោយមិនធ្វើការចល័ត ឬរត់គេចពីមួយកន្លែងទៅមួយកន្លែង នៅក្នុងអំឡុងពេលការរីករាលដាលការឆ្លងជំងឺកូវីដ១៩ថ្មីៗនេះ ដើម្បីអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃឱ្យបានខ្ជាប់ខ្ជួន និងមានប្រសិទ្ធិភាពខ្ពស់ រក្សាអនាម័យ ដើម្បីចូលរួមការពារការរីករាលដាលនៃជំងឺកូវីដ១៩ បន្តទៀត៕
