ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និង ក្រសួងសាធារណការនិងដឹកជញ្ជូន (ស.ក.ដ) នៅថ្ងៃទី ១៣ ឧសភានេះ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«បណ្ណបើកបរឌីជីថល»ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ ឯកសារ verify.gov.kh" ។
បណ្ណបើកបរដែលអាចផ្ទៀងផ្ទាត់ភាព ត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បែងចែកជា ៣ ប្រភេទទី១៖ បណ្ណបើកបរដែលមានដាក់ QR Code របស់ ស.ក.ដ បានចេញឱ្យប្រើប្រាស់រួច អាចផ្ទៀងផ្ទាត់ ភាពត្រឹមត្រូវតាមរយៈការស្កែន QR Code នៅលើបណ្ណបើកបរនោះ នឹងបញ្ជូនបន្តភ្ជាប់ (redirect) ទៅកាន់ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។
ទី២៖ ការរក្សាទុកបណ្ណបើកបរ (ជាទម្រង់ឌីជីថល) ក្នុង Personal Wallet នៅលើកម្មវិធី DG SuperApp តាមរយៈការស្តែន QR Code របស់ ស.ក.ដ នៅលើបណ្ណបើកបរដែលបានចេញឱ្យប្រើប្រាស់រួច នឹងអនុញ្ញាតឱ្យសាមីខ្លួនអាចស្នើសុំ QR Code ស្តង់ដារនៃផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។ទី៣៖ បណ្ណបើកបរនឹងមានដាក់ QR Code ស្តង់ដារ ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមរយៈផ្ទាល ផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នឹងត្រូវរៀបចំដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៦ តទៅ។
ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រៀបចំឡើងក្រោមវត្តមានរបស់រដ្ឋមន្ត្រីនៃក្រសួងទាំងពីរគឺ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. និង លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន (ស.ក.ដ) ថ្នាក់ដឹកនាំជាសមាជិកគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល តំណាងក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដៃគូ អភិវឌ្ឍន៍ មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ខេត្ត សមាគម ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធសរុបប្រមាណ ៣៣០នាក់។
លោក ជា វ៉ាន់ដេត បានថ្លែងសាទរចំពោះសមិទ្ធផលថ្មីនេះ ហើយលោកសង្ឃឹមថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ នឹងចូលរួមចំណែកកាត់បន្ថយ ការចំណាយទាំងថវិកា និង ពេលវេលា ហើយផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ដោយមិនចាំបាច់ដាក់«បណ្ណបើកបរ»ជាប់តាមខ្លួន។
ចំណែកលោក ប៉េង ពោធិ៍នា ស្វាគមន៍ចំពោះសមិទ្ធផលថ្មីនេះ ហើយក្រសួងសាធារណការ និងដឹកជញ្ជូន នឹងជូនដំណឹងដល់ ស្ថាប័នពាក់ព័ន្ធ និង សាធារណជន ឱ្យប្រើប្រាស់ជាផ្លូវការចំពោះការស្នើសុំបណ្ណបើកបរទម្រង់ឌីជីថល តាមរយៈ កម្មវិធី DG SuperApp របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដោយការស្គែន QR Code របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅលើបណ្ណបើកបរយានយន្តដែលមានស្រាប់ ដើម្បីរក្សាទុកបណ្ណបើកបរទម្រង់ឌីជីថល៕